សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានណែនាំទៅដល់ក្រសួងអប់រំ យុវជន និងកីឡា ពិនិត្យមើលបើសិនជាអាកាសធាតុឡើងកម្ដៅខ្លាំងលើស៤០អង្សា គឺក្រសួងអប់រំអាចមានសិទ្ធិផ្អាកការសិក្សានៅតាមសាលារៀនដោយផ្ទាល់តែម្ដង។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ណែនាំបែបនេះ ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិតបម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ១ឧសភា ដែលធ្វើឡើងក្រោមប្រធានបទ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤នេះ។
ក្នុងឱកាសនោះសម្ដេចធិបតី នាយកដ្ឋមន្រ្ដី ក៏បានដាក់ចេញនូវគោលការណ៍ដល់ក្រសួងស្ថាប័នជំនាញ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះអគ្គិភ័យក្នុងកាលៈទេសៈអាកាសធាតុឡើងកម្ដៅខ្លាំងបែបនេះ។
ក្នុងនោះសម្ដេចធិបតី បានបញ្ជាឱ្យ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ កងកម្លាំងជំនាញគ្រប់ផ្នែកយកចិត្តទុកដាក់ក្នុងការត្រៀមទប់ស្កាត់ និងសង្គ្រោះប្រជាពលរដ្ឋនៅគ្រប់ពេលវេលា។
សម្ដេចធិបតី បានណែនាំដល់ក្រសួងអប់រំ យុវជន និងកីឡា បើសិនជាអាកាសធាតុឡើងកម្ដៅខ្លាំងលើស ៤០ អង្សា ក្រសួងអាចមានសិទ្ធិផ្អាកការសិក្សានៅតាមសាលារៀនដោយផ្ទាល់តែម្ដង មិនចាំបាច់ មានបទបញ្ជាបន្ថែមពីសម្ដេចទៀតនោះទេ។
សូមជម្រាបថា ក្រោយអាកាសធាតុឡើងកម្ដៅខ្លាំងរហូតដល់ ៤០ អង្សា និងខេត្តខ្លះលើស ៤០ អង្សា ក្រសួងអប់រំ កាលពីថ្ងៃទី៣០ខែមេសាកន្លងទៅនេះ បានណែនាំទៅដល់ប្រធានមន្ទីរអប់រំ រាជធានី ខេត្ត គ្រឹះស្ថានអប់រំនីមួយៗមានសិទ្ធិសម្រេចដោយខ្លួនឯងនៅតាមគ្រឹះស្ថានសិក្សានីមួយ ដើម្បីបង្ការទប់ស្កាត់ហានិភ័យ និងចៀសវាងជំងឺផ្សេងៗ ដែលអាចប៉ះពាល់ដល់ សុខភាព ការរៀនសូត្ររបស់សិស្សានុសិស្ស និងការបំពេញការងាររបស់លោកគ្រូ អ្នកគ្រូ៕អត្ថបទ៖ វ៉ន ដារ៉ា