តាមបណ្ដាសាលារៀនមិនថានៅរាជធានីភ្នំពេញ ឬនៅតាមបណ្ដាខេត្ត ចាប់ផ្ដើមធ្វើការស្រោចទឹកជាប្រចាំថ្ងៃ ក្នុងការទប់ស្កាត់ការកើនឡើងកម្ដៅខ្លាំង។ ទន្ទឹមគ្នានេះដែរ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានសម្រេចឱ្យមានការផ្លាស់ប្ដូរម៉ោងសិក្សាផងដែរ ដោយវេនព្រឹកចាប់ផ្ដើមនៅម៉ោង ៧.00 ចេញម៉ោង ១០.00ព្រឹក រឺឯវេនថ្ងៃចូលសិក្សានៅម៉ោង ២.០០ ចេញម៉ោង ៥.០០ ល្ងាច។
កម្ពុជា ក៏ដូចជាប្រទេសជិតខាងក្នុងតំបន់ បច្ចុប្បន្នកំពុងជួបវិបត្តិនៃការកើនឡើងកម្ដៅខ្លាំង។ ជាក់ស្ដែងសម្រាប់ប្រទេសកម្ពុជា ក្នុងរដូវប្រាំង ជាពិសេសមួយរយៈចុងក្រោយនេះ អាកាសធាតុបានឡើងកម្ដៅ លើសពី ៤០ អង្សា ដែលបង្ករជាផលវិបាកសម្រាប់មនុស្សគ្រប់គ្នា ពិសេសកុមារ និងមនុស្សចាស់ដែលមានភាពប្រឈម។
ស្របពេលដែលកម្ដៅមានការហក់ឡើងខ្លាំងបែបនេះ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចឱ្យមានការផ្លាស់ប្ដូរម៉ោងសិក្សា ដើម្បីទប់ស្កាត់ហានិភ័យ និងចៀសវាងជំងឺផ្សេងៗ ដែលអាចប៉ះពាល់ដល់សុខភាព ការរៀនសូត្ររបស់សិស្ស និងការបំពេញការងាររបស់គ្រូបង្រៀន។ ការផ្លាស់ប្ដូរ គឺវេនព្រឹកត្រូវចូលរៀន ម៉ោង ៧.00 ចេញម៉ោង ១០.00ព្រឹក ចំណែគវេនថ្ងៃចូលសិក្សានៅម៉ោង ២.០០ ចេញម៉ោង ៥.០០ ល្ងាច។
សម្រាប់ការកើនឡើងកម្ដៅនេះដែរ លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លើកឡើងដែរថា ក្រសួងកំពុងធ្វើការងារតាមដានយ៉ាងយកចិត្តទុកដាក់ ទៅលើស្ថានភាពសាលានីមួយៗ ដើម្បីអាចស្វែងរកដំណោះស្រាយបន្ទាន់តាមករណីជាក់ស្ដែង។

ទន្ទឹមនឹងការផ្លាស់ប្ដូរម៉ោងសិក្សានេះដែរ តាមបណ្ដាសាលារៀន ក៏បានដាក់ចេញវិធានការផ្ទាល់ខ្លួន ទៅតាមលទ្ធភាពជាក់ស្ដែង ក្នុងការទប់ស្កាត់ការកើនឡើងកម្ដៅនេះដែរ។ ភាគច្រើនជាការសង្កេតឃើញ គឺសាលាចាប់ផ្ដើមស្រោចទឹក ក្នុងថ្នាក់រៀន រឺនៅតាមបរិវេណសាលា។ សម្រាប់ សាលាបឋមសិក្សាសំបួរមាស ក្នុងភូមិសាស្ត្រខណ្ឌដង្កោ បានតទុយោទឹកដោយខ្លួនឯង និងធ្វើការស្រោចនៅក្នុងបន្ទប់រៀនរយៈពេលជិតមួយសប្ដាហ៍រួចមកហើយ។
លោក សាយ ឆាយ ជានាយកសាលាបឋមសិក្សាសំបួរមាស លើកឡើងថាការបាញ់ទឹករយៈពេលប៉ុន្មានថ្ងៃមកនេះ ជួយដល់ការសិក្សារបស់សិស្សបានច្រើន។ លើកសម្គាល់ឃើញថា ប៉ុន្មានថ្ងៃមុនឳពុកម្ដាយមួយចំនួនបានសុំច្បាប់ឱ្យកូនឈប់សម្រាក ដោយសារបញ្ហាកម្ដៅខ្លាំង តែចាប់ពីសាលាមានការស្រោចទឹកនៅក្នុងបន្ទប់រៀននេះ ចំនួនសិស្សសុំច្បាប់គឺមានការធ្លាក់ចុះ។ ទន្ទឹមនឹងធាតុអាកាសបែបនេះ លោកក៏សំណូមពរឱ្យអាណាព្យាបាលរៀបចំ ទឹកពិសារសម្រាប់កូនជាចាំបាច់ផងដែរ។
កំពុងអង្គុយរៀនក្នុងបន្ទប់ដែលបាញ់ទឹកសើមជាប្រចាំ កុមារាកុមារី លើកឡើងជាសប្បាយចិត្ត ព្រោះការស្រោចទឹកនេះ ជួយឱ្យពួកគេទទួលបានភាពត្រជាក់ ងាយស្រួលអង្គុយសិក្សាជាងមុន។
ក្រសួងអប់រំ ក្រៅពីសម្រេចឱ្យមានការផ្លាស់ប្ដូរម៉ោងសិក្សា ក៏បានបញ្ជាក់ដែរថា ករណីសីតុណ្ហភាពកើនឡើងខ្លាំងលើសពីការគ្រប់គ្រង គ្រឹះស្ថានសិក្សាមានសិទ្ធិក្នុងការសម្រេចជាក់ស្ដែង៕អត្ថបទ៖ គឹមហុក