
ក្រុមអ្នកជួយសង្គ្រោះ នាថ្ងៃពុធ (១ ឧសភា) នេះ បានបន្តស្វែងរកអ្នកនៅរស់រានមានជីវិត បន្ទាប់ពីទឹកជំនន់យ៉ាងគំហុកភ្លាមៗ បានសម្លាប់មនុស្សរាប់សិបនាក់ និងនាំឲ្យមនុស្សជាច្រើននាក់បាត់ខ្លួន នៅក្នុងទីក្រុង Mai Mahiu របស់ប្រទេសកេនយ៉ា ខណៈដែលរដ្ឋាភិបាលបានដាក់ពង្រាយកងទ័ព ដើម្បីជួយក្នុងប្រតិបត្តិការស្វែងរកនេះ។
ទឹកជំនន់ដែលបានកើតមាន កាលព្រឹកថ្ងៃចន្ទ (ទី២៩ ខែមេសា) បានហូរនាំយកផ្ទះសម្បែង និងរថយន្តទៅតាមទឹក ហើយនិងបំផ្លាញផ្លូវរថភ្លើង ខណៈដែលអ្នកស្រុកតក់ស្លុតនឹងគ្រោះមហន្តរាយនេះ។
ដោយនិយាយមកកាន់សារព័ត៌មាន Reuters ពីសាលារៀនដែលអ្នករួចជីវិតបានយកធ្វើជាទីជម្រកនោះ លោក James Kirobe ដែលបានបាត់បង់ទាំងប្រពន្ធ និងកូនតូចរបស់លោកក្នុងគ្រោះទឹកជំនន់នេះ បានប្រាប់ថា៖ «នោះគឺជាប្រពន្ធ និងកូនតែម្នាក់គត់របស់ខ្ញុំ ហើយឥឡូវនេះពួកគេបានស្លាប់ហើយ។ ខ្ញុំទុកឲ្យព្រះជាម្ចាស់សម្រេចចុះ»។
គួរបញ្ជាក់ថា កាកបាទក្រហម និងក្រុមជំនួយផ្សេងទៀត នៅកេនយ៉ា បាន និងកំពុងផ្ដល់ជម្រកបណ្ដោះអាសន្នដល់អ្នកស្រុកដែលផ្លាស់ទីលំនៅ នៅតាមសាលារៀន ជុំវិញតំបន់នោះ។ លោកប្រធានាធិបតី William Ruto បានទៅសួរសុខទុក្ខសហគមន៍ដែលរងគ្រោះដោយទឹកជំនន់ កាលពីថ្ងៃអង្គារ ហើយវាយតម្លៃការខូចខាត មុនពេលបញ្ជាឲ្យដាក់ពង្រាយទាហានពីកងកម្លាំងការពារជាតិកេនយ៉ា ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងស្វែងរក៕