បេក្ខជនប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋ លោក Donald Trump បានសន្យាថា នឹងនាំមកនូវសន្តិភាពដល់ពិភពលោក ប្រសិនបើលោកទទួលជ័យជម្នះក្នុងការបោះឆ្នោត នៅក្នុងខែវិច្ឆិកា ដែលលោកបានថ្លែងក្នុងអំឡុងពេលនៃការជួបប្រជុំគ្នានៃយុទ្ធនាការឃោសនាបោះឆ្នោតនៅទីក្រុង Freeland រដ្ឋ Michigan កាលពីថ្ងៃពុធ ទី១ ខែឧសភា។

ក្នុងអំឡុងព្រឹត្តិការណ៍នេះ លោក Trump បាននិយាយថា ភាពអសមត្ថភាពរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បាននាំភពផែនដី ឈានដល់ដំណាក់កាលមាត់ជ្រោះនៃសង្គ្រាមនុយក្លេអ៊ែរ ហើយលោកគឺជាមនុស្សតែម្នាក់គត់ ដែលអាចនិយាយដោយទំនុកចិត្តថាលោកអាចទប់ស្កាត់សង្គ្រាមលោកលើកទី៣បាន។

អតីតប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ បានសន្យាថានឹងកសាងដំបូលដែកដូចដែលអ៊ីស្រាអែលមាន ហើយផ្នែកនោះនឹងត្រូវសាងសង់នៅរដ្ឋ Michigan ។ លោក Trump បានរក្សាក្នុងសុន្ទរកថាដដែលចំពោះការអនុវត្តការនិរទេសជនអន្តោប្រវេសន៍ជាច្រើន។
ប្រធានាធិបតី លោក Joe Biden និងអតីតប្រធានាធិបតី លោក Donald Trump នឹងប្រឈមមុខដាក់គ្នាក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកនៅថ្ងៃទី ៥ ខែវិច្ឆិកា ជាអ្វីដែលមើលទៅហាក់ដូចជាមានការបែងចែកមិនចុះសម្រុងគ្នា និងមានការប្រជែងគ្នាយ៉ាងស្វិតស្វាញ។
លោក Trump មានអាយុ៧៧ឆ្នាំ ប្រឈមមុខនឹងការចោទប្រកាន់ចំនួន៨៨ករណី ក្នុងសំណុំរឿងព្រហ្មទណ្ឌចំនួន៤ ជុំវិញកិច្ចខិតខំប្រឹងប្រែងដើម្បីបង្ខូចការបោះឆ្នោតឆ្នាំ ២០២០ ព្រមទាំងការរក្សាទុកឯកសារសន្តិសុខជាតិសម្ងាត់បំផុតដោយខុសច្បាប់ និងការក្លែងបន្លំកំណត់ត្រាអាជីវកម្ម។ ការជម្រះក្តីបទព្រហ្មទណ្ឌលើកដំបូងរបស់លោក បានចាប់ផ្តើមនៅទីក្រុងញូវយ៉ក កាលពីថ្ងៃទី ១៥ ខែមេសា។