ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រៀបចំធ្វើការតេស្តទឹកមូត្ររកសារធាតុញៀន ចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកក្រៅក្របខណ្ឌសរុបចំនួនប្រមាណ ៦០០នាក់។
ប្រភពអគ្គនាយកដ្ឋាន ក.ប.ប. នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ដោយអនុវត្តនូវបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ និងសេចក្ដីណែនាំលេខ ០០១ សណន.អ.ជ.ប.គ.ញ. របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្ដីពីវិធានការក្នុងការចាត់តាំងអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលលេខ០១ បប អគ្គនាយកដ្ឋាន ក.ប.ប. បានរៀបចំធ្វើការតេស្តទឹកមូត្ររកសារធាតុញៀននេះ។
ប្រភពដដែល បានបញ្ជាក់ថា ជាលទ្ធផល បន្ទាប់ពីបានធ្វើតេស្តទឹកមូត្ររកសារធាតុញៀន ចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកក្រៅក្របខណ្ឌ នៃអគ្គនាយកដ្ឋាន ក.ប.ប. ជាលទ្ធផល គឺអវិជ្ជមានទាំងអស់។ ការធ្វើតេស្តនេះ គឺអនុវត្តតាម SOP របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបង្កើតគណៈកម្មការ អនុគណៈកម្មការ ដោយមានសមាសភាពមកពីតំណាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនផងដែរ។
ក.ប.ប. បានបន្ថែមថា ការធ្វើនេះ គឺដើម្បីកំណត់បាននូវតម្លាភាព និងអព្យាក្រឹត្យភាព ដល់ថ្នាក់ដឹកនាំមន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យាទាំងអស់៕








