
សាលារៀន និងការិយាល័យជាច្រើន ត្រូវបានបិទទ្វារទូទាំងប្រទេសអារ៉ាប់រួម (UAE) នៅថ្ងៃព្រហស្បតិ៍ (ទី២ ខែឧសភា) នេះ ខណៈដែលភ្លៀងធ្លាក់ខ្លាំងបានវិលត្រឡប់ទៅប្រទេសវាលខ្សាច់មួយនេះជាថ្មីម្ដងទៀត ពោលគឺត្រឹមតែ ២សប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីមានភ្លៀងស្រដៀងគ្នានេះ ដែលអ្នកជំនាញបានផ្សារភ្ជាប់ទៅនឹងបម្រែបម្រួលអាកាសធាតុ។
មជ្ឈមណ្ឌលឧតុនិយមជាតិ បានឲ្យដឹងថា ពេញមួយយប់ ព្យុះផ្គររន្ទះអមដោយខ្យល់បក់ខ្លាំង បានកើតមានពាសពេញប្រទេសរបបរាជានិយមសម្បូរប្រេងមួយនេះ ដោយភ្លៀងធ្លាក់មានកម្រិតជាង ៥០មីលីម៉ែត្រ មុនម៉ោង ៨ព្រឹក នៅក្នុងតំបន់មួយចំនួន។
អ្នកនាំពាក្យមួយរូបបានប្រាប់ថា គេឃើញមានទឹកជំនន់នៅផ្នែកខ្លះនៃមជ្ឈមណ្ឌលហិរញ្ញវត្ថុទីក្រុងឌូបៃ ហើយអាកាសយានដ្ឋានរបស់ទីក្រុងដែលជាកន្លែងដ៏មមាញឹកបំផុត ក្នុងពិភពលោក ដោយសារចរាចរណ៍របស់អ្នកដំណើរអន្តរជាតិ បានលុបចោលជើងហោះហើរចំនួន ១៣វ៉ុល និងបង្វែរជើងហោះហើរចំនួន ៥វ៉ុល។
ក្រុមហ៊ុនអាកាសចរណ៍រដ្ឋ Emirates ដែលមានមូលដ្ឋាននៅទីក្រុងឌូបៃ និងក្រុមហ៊ុនអាកាសចរណ៍បងប្អូននឹងគ្នា គឺ Flydubai បានផ្ដល់ដំណឹងដូចគ្នាដល់អ្នកដំណើរអំពីការពន្យារពេលនេះ ខណៈដែលសាលារៀនបានប្តូរទៅសិក្សាពីចម្ងាយ (រៀនអនឡាញ) ហើយការិយាល័យសាធារណៈជាច្រើនត្រូវបានបិទ។
ប៉ុន្តែទឹកភ្លៀង នាពេលនេះ មិនមានទំហំស្មើនឹងកម្រិត កាលពីថ្ងៃទី១៦ ខែមេសានោះឡើយ នៅពេលដែលទឹកភ្លៀងកម្រិត ២៥៩,៥មីលីម៉ែត្រ បានធ្វើឲ្យមនុស្ស ៤នាក់ ស្លាប់ បិទផ្លូវសំខាន់ៗជាច្រើនថ្ងៃ និងបង្ខំឲ្យមានការលុបចោលជើងហោះហើរជាង ២.០០០វ៉ុល៕