ទីក្រុងមូស្គូ បានចោទប្រកាន់លោក ដេវីត កាមរុន ( David Cameron)ថាបានបង្កឲ្យមានភាពតានតឹង ដោយផ្ទាល់ បន្ទាប់ពីលោករដ្ឋមន្ត្រីការបរទេសរូបនេះ បាននិយាយថា អ៊ុយក្រែនអាចប្រើប្រាស់អាវុធរបស់អង់គ្លេស ដើម្បីវាយប្រហារគោលដៅនានា នៅក្នុងប្រទេសរុស្ស៊ី។
លោក ឌ្មីទ្រី ប៉េស្កូវ ( Dmitry Peskov) អ្នកនាំពាក្យវិមានក្រឹមឡាំង បាននិយាយថា៖«វិមានក្រឹមឡាំងពិចារណាលើសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក ដេវិត កាមេរុន អំពីសិទ្ធិរបស់ទីក្រុងគីវ ក្នុងការប្រើប្រាស់អាវុធរបស់អង់គ្លេស ដើម្បីវាយប្រហារគោលដៅរបស់រុស្ស៊ីប្រកបដោយគ្រោះថ្នាក់» ។ «នេះគឺជាការបង្កើនភាពតានតឹងដោយផ្ទាល់ជុំវិញជម្លោះអ៊ុយក្រែន ដែលអាចបង្កគ្រោះថ្នាក់ដល់សន្តិសុខអឺរ៉ុប»។
មុននេះ លោក កាមេរុន បានសន្យាថា នឹងផ្តល់ជំនួយយោធាប្រចាំឆ្នាំចំនួន បីពាន់លានផោន ដើម្បីគាំទ្រដល់អ៊ុយក្រែនសម្រាប់ «ដរាបណាវាត្រូវការ» ដោយបន្ថែមថា ចក្រភពអង់គ្លេស មិនមានការជំទាស់ចំពោះអាវុធរបស់ខ្លួន ដែលត្រូវបានប្រើប្រាស់នៅក្នុងប្រទេសរុស្ស៊ីនោះទេ។ «អ៊ុយក្រែន មានសិទ្ធិនោះ។ ដូចដែលរុស្ស៊ីកំពុងវាយប្រហារនៅខាងក្នុងអ៊ុយក្រែន អ្នកអាចយល់ច្បាស់ថា ហេតុអ្វីបានជាអ៊ុយក្រែនមានអារម្មណ៍ថា ត្រូវការធ្វើឲ្យុប្រាកដថា ខ្លួនកំពុងការពារខ្លួន»។
ការអត្ថាធិប្បាយរបស់លោក បានធ្វើឲ្យចក្រភពអង់គ្លេស ងាកទៅរករុស្ស៊ី យ៉ាងហោចជាសាធារណៈ ជាងសហរដ្ឋអាមេរិក ដែលលើកឡើងថា សព្វាវុធណាដែលខ្លួនផ្គត់ផ្គង់ដល់អ៊ុយក្រែន គួរតែត្រូវបានប្រើតែនៅក្នុងព្រំដែនដែលទទួលស្គាល់ជាអន្តរជាតិរបស់អ៊ុយក្រែន ជាជាងប្រឆាំងនឹងគោលដៅ នៅក្នុងប្រទេសរុស្ស៊ី។

