សារព័ត៌មានរ៉យទ័រ បានទៅសួរសុខទុក្ខទាហាននៃកងពលតូចយន្តកម្មដាច់ដោយឡែកលេខ២៨ របស់អ៊ុយក្រែន ដែលបានធ្វើការហោះហើរសាកល្បង កាលពីថ្ងៃសុក្រ (ថ្ងៃទី៣ ខែឧសភា) នៅលើទីលានហ្វឹកហាត់ក្នុងតំបន់ដូណិតស្ក៍ (Donetsk)។
ទាហានម្នាក់ក្នុងចំណោមទាហានដែលប្រើសញ្ញាហៅ «Sokil» («Falcon» ជាភាសាអ៊ុយក្រែន) បាននិយាយថា ពួកគេមានគ្រាប់រំសេវគ្រប់គ្រាន់សម្រាប់យានដ្រូនរបស់ពួកគេ ប៉ុន្តែមិនមាន «យានដ្រូនដែលមានគុណភាព»គ្រប់គ្រាន់នោះទេ។
លោកបាននិយាយថា៖ «យើងប្រមូលអ្វីៗដែលរាយប៉ាយនៅលើដី ហើយធ្វើអាវុធសម្រាប់ខ្លួនយើង។ យើងខ្វះយានដ្រូនដែលមានគុណភាព»។
លោកវរសេនីយ៍ឯក Vadym Sukharevskyi មេបញ្ជាការកងកម្លាំងយានដ្រូនរបស់អ៊ុយក្រែន បាននិយាយកាលពីខែមេសាថា អ៊ុយក្រែន បានចែកចាយយានដ្រូនដល់កងកម្លាំងប្រដាប់អាវុធរបស់ខ្លួននៅឆ្នាំនេះ ច្រើនជាងឆ្នាំ២០២៣ទាំងមូល រហូតដល់ទៅបីដងឯនោះ។ .
អ៊ុយក្រែន ដែលបានប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីពេញលេញអស់រយៈពេលជិត ២៦ខែ កំពុងស្វែងរកការបង្កើនការផលិតអាវុធក្នុងស្រុករបស់ខ្លួន និងការប្រើប្រាស់បច្ចេកវិទ្យាច្នៃប្រឌិត ដើម្បីប្រកួតប្រជែងនឹងសត្រូវ ដែលមានទំហំធំ និងមានទ្រព្យសម្បត្តិច្រើន។

