មន្ត្រីអ៊ីស្រាអែល និងប្រភពព័ត៌មាន Al Jazeera បានប្រាប់សារព័ត៌មានរ៉យទ័រថា អាជ្ញាធរប្រទេសអ៊ីស្រាអែល បានឆ្មក់ចូលបន្ទប់សណ្ឋាគារក្នុងទីក្រុងហ្ស៊េរុយសាឡឹម ដែលប្រើប្រាស់ដោយប្រព័ន្ធផ្សព្វផ្សាយ Al Jazeera ជាការិយាល័យរបស់ខ្លួន បន្ទាប់ពីរដ្ឋាភិបាល បានសម្រេចបិទប្រតិបត្តិការក្នុងស្រុករបស់ស្ថានីយ៍ទូរទស្សន៍ប្រទេសកាតា កាលពីថ្ងៃអាទិត្យ ទី៥ ខែឧសភា។

វីដេអូដែលទទួលបានដោយសារព័ត៌មាន Reuters បានបង្ហាញមន្ត្រី នៅសណ្ឋាគារនាំយកឧបករណ៍កាមេរ៉ា ចេញពីសណ្ឋាគារក្នុងទីក្រុងហ្ស៊េរុយសាឡឹមខាងកើត។
គណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បានបិទបណ្តាញផ្សព្វផ្សាយមួយនេះ ដរាបណាសង្រ្គាមនៅតំបន់ហ្កាហ្សានៅតែបន្ត ដោយបាននិយាយថា វាគំរាមកំហែងដល់សន្តិសុខជាតិ។
ប្រព័ន្ធផ្សព្វផ្សាយ Al Jazeera បាននិយាយថា ចំណាត់ការនេះ គឺជាសកម្មភាពឧក្រិដ្ឋកម្ម ហើយការចោទប្រកាន់ថា បណ្តាញនេះគំរាមកំហែងដល់សន្តិសុខអ៊ីស្រាអែល គឺជា «ការកុហកដ៏គ្រោះថ្នាក់ និងគួរឱ្យអស់សំណើច» ដែលធ្វើអោយអ្នកសារព័ត៌មានរបស់ខ្លួនប្រឈមទៅនឹងហានិភ័យ។ ប្រព័ន្ធផ្សព្វផ្សាយនេះរក្សាសិទ្ធិក្នុងការបន្តគ្រប់ជំហានផ្លូវច្បាប់ទាំងអស់។
ក្រុមហ៊ុនផ្តល់សេវាទូរទស្សន៍ផ្កាយរណប និងទូរទស្សន៍ខ្សែកាបរបស់ប្រទេសអ៊ីស្រាអែល បានផ្អាកការផ្សាយរបស់ទូរទស្សន៍ Al Jazeera បន្ទាប់ពីសេចក្តីសម្រេចរបស់រដ្ឋាភិបាល។

ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានរិះគន់ចំពោះការបិទនេះផងដែរ។ ច្បាប់អនុញ្ញាតឱ្យលោក Netanyahu និងគណៈរដ្ឋមន្ត្រីសន្តិសុខរបស់លោក បិទការិយាល័យប្រព័ន្ធផ្សព្វផ្សាយនេះនៅក្នុងប្រទេសអ៊ីស្រាអែល រយៈពេល៤៥ថ្ងៃ ជារយៈពេលដែលអាចបន្តថ្មី។ ដូច្នេះ វាអាចនៅក្នុងធរមានរហូតដល់ចុងខែកក្កដា ឬរហូតដល់ចប់ប្រតិបត្តិការយោធាសំខាន់ៗនៅតំបន់ហ្កាហ្សា។