ប្រជាជនប៉ាណាម៉ា បានចាប់ផ្តើមដំណាក់កាលនយោបាយថ្មី កាលពីថ្ងៃចន្ទ បន្ទាប់ពីអតីតរដ្ឋមន្ត្រីសន្តិសុខ លោក ចូសេ រ៉ាអ៊ុល មូលីណូ(Jose Raul Mulino) បានដណ្តើមជ័យជម្នះក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ក្នុងការបោះឆ្នោតប្រធានាធិបតី ដោយមានការគាំទ្រពីអតីតមេដឹកនាំ លោក រីកាដូ ម៉ាទីននេលី(Ricardo Martinelli) ដែលកំពុងជាប់ឃុំនៅក្នុងស្ថានទូតប្រទេសនីការ៉ាហ្គ័រ។

លោក Mulino មានអាយុ៦៤ឆ្នាំ គឺជាអ្នកដែលមានការពេញចិត្តសម្រាប់តំណែងប្រធានាធិបតី បន្ទាប់ពីលោកបានចូលជំនួសតំណែង លោក Martinelli តាមរយៈការបោះឆ្នោត នៅពេលដែលអតីតប្រធានាធិបតីរូបនេះ ត្រូវបានហាមឃាត់មិនឱ្យឈរឈ្មោះដោយសារតែការកាត់ទោសពីបទលាងលុយ។

នៅក្នុងរដ្ឋធានី ប្រជាជន ដែលសារព័ត៌មានReuters បានសាកសួរ ក្នុងពេលទទួលបានលទ្ធផលបោះឆ្នោត ពួកគេមានទាំងការរំពឹងទុកជាវិជ្ជមាន និងភាពស្ទាក់ស្ទើរ។
លោក Mulino បាននិយាយថា រដ្ឋាភិបាលរបស់លោក នឹងគាំទ្រការវិនិយោគ និងគាំទ្រពាណិជ្ជកម្ម និងបាននិយាយថាប្រទេសអាមេរិកកណ្តាលមួយនេះ នឹងទទួលស្គាល់បំណុលរបស់ខ្លួន ប៉ុន្តែក៏បានប្តេជ្ញាមិនភ្លេចអ្នកក្រនោះទេ។
នៅក្នុងយុទ្ធនាការបោះឆ្នោតដ៏ប្លែកមួយ លោក Martinelli បានដើរតួយ៉ាងសំខាន់ក្នុងការជម្រុញការគាំទ្រសម្រាប់ លោក Mulino ពីស្ថានទូតប្រទេសនីការ៉ាហ្គ័រ ជាកន្លែងដែលលោកបានស្វែងរកសិទ្ធិជ្រកកោន។