ប្រធានាធិបតីចិនលោក ស៊ី ជីនពីង (Xi Jinping) បានអំពាវនាវឲ្យប្រទេសបារាំងជួយការពារប្រឆាំង «សង្គ្រាមត្រជាក់ថ្មី» ខណៈដែលសហភាពអឺរ៉ុបកាន់តែគាំទ្រសហរដ្ឋអាមេរិកជុំវិញការព្រួយបារម្ភអំពីការនាំចូលថោក និងហានិភ័យសន្តិសុខជាតិ។

លោកបានប្រាប់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron)ថា ប្រទេសទាំងពីរ គួរតែប្រកាន់យកផលប្រយោជន៍ទៅវិញទៅមក ហើយរួមគ្នាប្រឆាំងនឹងការផ្តាច់ចំណងទំនាក់ទំនង និងការរំខាននៃខ្សែសង្វាក់ផ្គត់ផ្គង់ នេះបើយោងតាមការលើកឡើងរបស់ទីភ្នាក់ងារសារព័ត៌មាន Xinhua ដោយដកស្រង់ការអត្ថាធិប្បាយដែលបានធ្វើឡើងក្នុងអំឡុងកិច្ចពិភាក្សារវាងមេដឹកនាំទាំងពីរ។

លោក ស៊ី កំពុងស្ថិតនៅក្នុងទីក្រុងប៉ារីស ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ មុនពេលធ្វើដំណើរទៅកាន់ប្រទេសស៊ែរប៊ី និងហុងគ្រី ក្នុងការធ្វើដំណើរលើកដំបូងរបស់លោកទៅកាន់ប្លុកនេះ ក្នុងរយៈពេល ៥ឆ្នាំ។ លោក សង្ឃឹមថា នឹងបញ្ចុះបញ្ចូលប្រជាជនអឺរ៉ុបថា ទីក្រុងប៉េកាំងផ្តល់ឱកាសសេដ្ឋកិច្ច ចំពេលមានភាពតានតឹងពាណិជ្ជកម្ម កើនឡើង។
ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen ដែលបានចូលរួមជាមួយប្រមុខរដ្ឋទាំងពីរសម្រាប់កិច្ចពិភាក្សា កាលពីថ្ងៃចន្ទ បាននិយាយបន្ទាប់ពីកិច្ចប្រជុំថា សហភាពអឺរ៉ុប ត្រៀមដាក់ពង្រាយឧបករណ៍ទាំងអស់ដែលមាន ដើម្បីការពារសេដ្ឋកិច្ចរបស់ខ្លួន ប្រសិនបើប្រទេសចិន បរាជ័យក្នុងការផ្តល់សិទ្ធិចូលដំណើរការដោយយុត្តិធម៌ ទៅកាន់ទីផ្សាររបស់ខ្លួន។
លោកប្រធានាធិបតី ម៉ាក្រុង បានបញ្ជាក់ជាថ្មីថា មិនអាចមានសន្តិសុខនៅអឺរ៉ុបទេ ប្រសិនបើគ្មានសន្តិសុខនៅអ៊ុយក្រែននោះទេ។