ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូមៀ ហ្សេឡិនស្គី (Volodymyr Zelensky) បានជំរុញឲ្យបង្កើន ល្បឿននៃការបញ្ជូនអាវុធតាមការសន្យាពីលោកខាងលិច។

លោក ហ្សេឡិនស្គី បាននិយាយនៅក្នុងសុន្ទរកថាវីដេអូប្រចាំថ្ងៃរបស់ខ្លួនកាលពីថ្ងៃចន្ទថា៖«ការសម្រេចចិត្តផ្នែកនយោបាយ ត្រូវតែធ្វើតាមដោយការដឹកជញ្ជូនពិតប្រាកដ ការទទួលអាវុធពិតប្រាកដដោយទាហានរបស់យើង»។
លោកបានបញ្ជាក់ថា ដើម្បីបញ្ចប់កិច្ចការនេះ កិច្ចសហប្រតិបត្តិការជាមួយដៃគូ ជាពិសេសសហរដ្ឋអាមេ រិក ត្រូវតែមានការសម្របសម្រួលឲ្យកាន់តែប្រសើរឡើង។ ការងារ ត្រូវតែធ្វើពេញ ២៤ម៉ោង ដើម្បីពន្លឿនកិច្ចការទាំងអស់។
បន្ទាប់ពីការជាប់គាំងជាច្រើនខែ នៅក្នុងសភាតំណាងរបស់ខ្លួននោះ សហរដ្ឋអាមេរិក បានបញ្ចេញកញ្ចប់ជំនួយយោធាដល់អ៊ុយក្រែនដែលមានតម្លៃជិត ៦១ពាន់លានដុល្លារ ប្រហែលមួយសប្តាហ៍មុននេះ។ យោងតាមព័ត៌មានពីសេតវិមាន និងមន្ទីរបញ្ចកោណ ការប្រគល់អាវុធ គួរតែចាប់ផ្តើម ក្នុងរយៈពេលពីរបីថ្ងៃទៀតនេះ។

ទោះបីជាយ៉ាងណាក៏ដោយ អ៊ុយក្រែន នៅតែបន្តការការពារ។ អគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន លោក អូឡេសាន ស៊ីស្គី (Oleksandr Syrskyi) ដែលលោក ហ្សេឡិនស្គី បានទទួលរបាយការណ៍ពីស្ថានភាពបច្ចុប្បន្ន បានសរសេរអំពីស្ថានភាពដ៏លំបាកនៅជួរមុខ។

សត្រូវ នៅតែមានទាហាន សព្វាវុធ និងបរិក្ខារបច្ចេកទេសច្រើនទៀត នៅក្នុងដៃរបស់ខ្លួន ហើយដូច្នេះ កំពុងវាយលុកទៅលើទីតាំងឈរជើងនានារបស់អ៊ុយក្រែន ជារៀងរាល់ថ្ងៃ។