ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការប្រព័ន្ធបញ្ជរតែមួយជាតិ នៅសណ្ឋាគារសុខាភ្នំពេញ ព្រឹកថ្ងៃទី៧ឧសភានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញលើកទឹកចិត្តដល់បណ្តាស្ថាប័នរដ្ឋ ត្រូវធានានូវភាពប្រកួតប្រជែងដោយផ្តល់នូវបទដ្ឋានគតិយុត្តឱ្យបានឆាប់រហ័ស។

សម្តេចបានលើកឡើងថា ដូចរបាយការណ៍ដែលឯកឧត្ដមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញ អំពី ការតភ្ជាប់គ្នាជាខ្សែចង្វាក់នៃប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានពីប្រព័ន្ធមួយទៅប្រព័ន្ធមួយទៀតរបស់ក្រសួងស្ថាប័នចំនួន២១ តាមរយៈថ្នាលផ្លាស់ប្ដូរទិន្នន័យកម្ពុជា ដែលអនុញ្ញាតឱ្យកម្ពុជាបង្កើតនូវសេវាអេឡិចត្រូនិចជាច្រើនផ្សេងគ្នាដោយកាត់បន្ថយនូវនិតិវិធីស្មុគ្រស្មាញ ដ៏ច្រើនគួរឱ្យកត់សម្គាល់។
គួរបញ្ជាក់ថា គម្រោងបញ្ជរតែមួយជាតិ ត្រូវបានចែកចេញជា ៣ ដំណាក់កាល ដោយប្រើប្រាស់ថវិកា សរុបក្នុងរយៈពេល ៧ ឆ្នាំ, ពោលគឺ ពី ២០១៨ ដល់ ២០២៤ ប្រមាណ ៣,៤ លានដុល្លារ អាម៉េរិក។ ក្នុងនោះការអភិវឌ្ឍដំណាក់កាលទី១ បានផ្តោតជាសំខាន់ទៅលើការរៀបចំថ្នាលបច្ចេកវិទ្យា ព័ត៌មាន សម្រាប់តភ្ជាប់រវាងប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ (អាស៊ីគូដា) ជាមួយនឹងប្រព័ន្ធ ស្វ័យប្រវត្តិកម្មវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញរបស់ក្រសួងពាណិជ្ជកម្ម និងសម្រាប់តភ្ជាប់ទៅប្រព័ន្ធបញ្ជរតែមួយអាស៊ាន។
ដំណាក់កាលទី ២ បានពង្រីកបន្ថែមមុខងារថ្នាលបច្ចេកវិទ្យាព័ត៌មាន ឱ្យមានវិសាលភាព បន្ថែមទៅលើក្រសួង-ស្ថាប័ន ដែលមានប្រតិបត្តិការច្រើនក្នុងការចេញ អាជ្ញាបណ្ណ, លិខិតអនុញ្ញាត, ព្រមទាំងវិញ្ញាបនបត្រ និង ឯកសារផ្សេងៗ, ក្នុងនោះមាន អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, ក្រសួងពាណិជ្ជកម្ម, ក្រសួងសុខាភិបាល, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ។
ដំណាក់កាលទី៣ បានពង្រីកវិសាលភាពបន្ថែម ឱ្យគ្របដណ្តប់គ្រប់ក្រសួង-ស្ថាប័ន មានសមត្ថកិច្ចពាក់ព័ន្ធនឹងការចេញ អាជ្ញាបណ្ណ, លិខិតអនុញ្ញាត, វិញ្ញាបនបត្រ, និង ឯកសារ ផ្សេងៗ សម្រាប់ទំនិញនាំចេញ-នាំចូល ស្របតាមខ្លឹមសារនៃអនុក្រឹត្យស្តីពីការដាក់ឱ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និង ទំនិញជាប់កម្រិតកំណត់; និង សម្រាប់ទំនិញដែលទទួល បាននូវការលើកទឹកចិត្តពន្ធ និង អាករ តាមច្បាប់ និង បទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន ។
ក្រសួង- ស្ថាប័នទាំងនេះ រួមមាន ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ក្រសួងមហាផ្ទៃ, ក្រសួងការពារជាតិ, ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ, ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ, ក្រសួង បរិស្ថានក្រសួងរ៉ែ និង ថាមពល, ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍និង ធនាគារជាតិ នៃកម្ពុជា៕