បាល់ទាត់៖ ក្រុមនគរបាលជាតិបានបន្ថែម ១ពិន្ទុទៀតហើយ បន្ទាប់ពីប្រកួតស្មើជាមួយក្រុមភ្ញៀវសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទដោយលទ្ធផល ១-១ នៅទីលាន 7NG កាលពីចុងសប្ដាហ៍កន្លងទៅ ក្នុងក្របខណ្ឌពានរង្វាន់មិត្តហ្វូនខេមបូឌានលីគសប្ដាហ៍ទី១១។

ការប្រកួតដ៏ស្វិតស្វាញនេះ ក្រុមភ្ញៀវកងយោធពលខេមរភូមិន្ទបាននាំមុខក្រុមម្ចាស់ផ្ទះ ១គ្រាប់មុនដែលជាគ្រាប់ហ្វ្រីឃីតដ៏ល្អរបស់កីឡាករ ញាណ សុស៊ីដាន នៅនាទី២២។ ប៉ុន្ដែនៅវគ្គទី១ ក្រុមលោក Lee Tae Hoon ក៏បានបាត់បង់សមាជិកម្នាក់ផងដែរគឺកីឡាករជប៉ុន Rio Sakuma ក្រោយទទួលបានកាតលឿនលើកទី២ ស្មើនឹងកាតក្រហមនៅនាទី៤១ បន្ទាប់ពីបង្កកំហុសលើមិត្តរួមជាតិ Soma Otani របស់ក្រុមនគរបាលជាតិ។ ចូលវគ្គទី២ បន្ទាប់ពីលេងបាន ៤នាទី កីឡាករ នួន បូរី ក៏រកបានគ្រាប់តាមស្មើឲ្យក្រុមនគរបាលជាតិវិញនៅនាទី៤៩ ក្រោយឆ្កឹះផុតដៃអ្នកចាំទី ពេជ្រ តារា។ បន្ទាប់មកក្រុមទាំងពីរបានបន្ដការវាយសម្រុកគ្នា តែពុំមានក្រុមណាអាចបន្ថែមគ្រាប់បាល់បានឡើយ មុនអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួតជាមួយលទ្ធផលស្មើគ្នា ១-១ តែម្ដង។

ជាមួយការចែកគ្នា ១ពិន្ទុម្នាក់នេះបានធ្វើឲ្យក្រុមនគរបាលជាតិបន្ដឈរលេខរៀងទី១២ និងមាន ២ពិន្ទុក្នុងដៃបន្ទាប់ពីឆ្លងកាត់ ៧ប្រកួត ស្មើ២ និងចាញ់៥ មិនទាន់ស្គាល់ឈ្នះម្ដងឡើយ ខណៈ ១ពិន្ទុដំបូងរបស់ក្រុមលោក អ៊ុង កងយ៉ានិត គឺរកបានពីការប្រកួតស្មើក្រុមវិសាខា ១-១ កាលពីដើមរដូវកាលកន្លងទៅ។ ចំណែកក្រុមកងយោធពលខេមរភូមិន្ទបានបន្ដឈរលេខ៧ និងមាន ១៥ពិន្ទុក្នុងដៃជាមួយលទ្ធផល ៩ប្រកួតឈ្នះ៤ ស្មើ៣ និងចាញ់ ២ប្រកួត៕
អត្ថបទ៖ លី ឈុនឡា