កំពង់ធំ៖ មន្រ្តីជំនាញសុខភាពសត្វខេត្តកំពង់ធំ ឃាត់រថយន្តក្រុងដឹកគ្រឿងក្នុងជ្រូកជាង២តោន គ្មានឯកសារបញ្ជាក់សុខភាពសត្វ និងសុវត្ថិភាពម្ហូបអាហារ មានប្រភពមកពីប្រទេសថៃ និងរថយន្តដឹកមាន់ដឹកលើសច្បាប់អនុញ្ញាត ដើម្បីការពារសុខភាពសាធារណៈ។
លោក តាន់ ម៉េងឆាង ប្រធានការិយាល័យផលិតកម្មសត្វ និងបសុព្យាបាលខេត្តកំពង់ធំ លើកឡើងប្រាប់ទូរស្សន៍ BTV នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ថា ការចាប់ឃាត់រថយន្តទាំងពីរនេះ គឺដោយសារមានការបញ្ជាផ្ទាល់ពីលោក ប៉ែន វណ្ណារិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ក្រោមការសម្របសម្រួលពីលោក សាយ វាសនា ព្រះរាជ្ញារងខេត្តកំពង់ធំ។
លោក បន្តថា សកម្មភាពដឹកជញ្ជូនសាច់សត្វមានប្រភពមកពីប្រទេសថៃគ្មានប្រភពបញ្ជាក់សុខភាព និងការដឹកជញ្ជូន អាចជាសាច់សត្វគ្មានគុណភាពធ្វើឲ្យប៉ះពាល់សុខភាពសាធារណៈ ជាពិសេសអាចជាប្រភពចម្លងជំងឺផ្សេងៗទៅកាន់អ្នកបរិភោគ ឬជាសាច់ដែលក្រុមអ្នកដឹកជញ្ជូនល្មើសដាក់សារធាតុហាមឃាត់មួយចំនួនដូចជា (ហ៉្វកម៉ុល) ជាដើម ដែលជាសារធាតុរក្សាសាច់សត្វឲ្យមានសភាពមើលទៅល្អ ប៉ុន្តែសារធាតុនេះ នឹងជះឥទ្ធិពលយ៉ាងខ្លាំងចំពោះសុខភាព។
លោកបញ្ជាក់ថា ការចាប់ឃាត់រថយន្តក្រុង និងរយន្តដឹកសត្វមាន់ ទាំងពីរខាងលើនេះ គឺបានធ្វើឡើងនៅនៅវេលាម៉ោង៤ទើបភ្លឺ យប់ថ្ងៃទី៣១ ខែកក្កដា ឈានចូលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១។ ក្រោយពីការឃាត់រថយន្តនេះ តៃកុងរថយន្តក្រុងដឹកគ្រឿងក្នុងជ្រូកគេចខ្លួន បច្ចុប្បន្នមិនទាន់មានម្ចាស់មកទទួលធ្វើ ការពិន័យតាមតាមនីតិវិធីច្បាប់នៅឡើយនោះទេ! ។សាច់សត្វ និងគ្រឿងក្នុងជ្រូកលើរថយន្តក្រុងសរុបមានចំនួន៤០កញ្ចប់ មានទម្ងន់សរុបចំនួន២តោន បច្ចុប្បន្នកំពុងរក្សាទុកនៅមណ្ឌលការិយាល័យផលិតកម្មសត្វ និងបសុព្យាបាលខេត្តកំពង់ធំ។
ចំពោះរថយន្តដឹកមាន់សាច់ របស់ក្រុមហ៊ុន ប៉េតាក្រូ មានលិខិតបញ្ជាក់សុខភាពសត្វ និងលិខិតដឹកជញ្ជូន ប៉ុន្តែលើសចំនួនតិចតួច ត្រូវធ្វើកិច្ចសន្យាអប់រំលើកទី១ ឲ្យបញ្ឈប់ការដឹកជញ្ជូនលើសចំនួនអនុញ្ញាតបន្តទៀត ប្រសិនបើមានករណីដូចនេះម្តងទៀត នឹងធ្វើការផាកពិន័យតាមនីតិវីធីច្បាប់៕


