យោធាប៉ាគីស្ថានកាលពីថ្ងៃអង្គារ បាននិយាយថា ការបំផ្ទុះគ្រាប់បែកអត្តឃាតដែលបានសម្លាប់វិស្វករចិន ចំនួន ៥នាក់ និងអ្នកបើកបរប៉ាគីស្ថានម្នាក់កាលពីខែមីនា ត្រូវបានគ្រោងធ្វើ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលនៅជិតខាង ហើយអ្នកបំផ្ទុះគ្រាប់បែក គឺជាពលរដ្ឋអាហ្វហ្គានីស្ថាន។

នៅក្នុងសន្និសីទសារព័ត៌មានមួយ អ្នកនាំពាក្យកងទ័ពលោកឧត្តមសេនីយ៍ Ahmad Sharif បានថ្លែងថា បុរស ៤នាក់ដែលនៅពីក្រោយការវាយប្រហារថ្ងៃទី ២៦ ខែមីនា នៅភូមិ Bisham នៃស្រុកមួយ ក្នុងខេត្ត Khyber Pakhtunkhwa ត្រូវបានចាប់ខ្លួន។
លោក Sharif បាននិយាយថា ការវាយប្រហារនោះដែលបានសម្លាប់វិស្វករចិនកំពុងធ្វើការលើទំនប់ Dasu ដ៏ធំបំផុតរបស់ប្រទេសប៉ាគីស្ថាន គឺជាការប៉ុនប៉ងបំផ្លាញមិត្តភាពរវាងប៉ាគីស្ថាន និងចិន។ ជនជាតិចិនរាប់ពាន់នាក់ កំពុងធ្វើការលើគម្រោងដែលទាក់ទងនឹងច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន។

លោក Sharif ក៏បាននិយាយផងដែរថា ក្រុមតាលីបង់ប៉ាគីស្ថានដែលមានជម្រក នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន គឺជាអ្នកនៅពីក្រោយការកើនឡើងនៃការវាយប្រហារ នៅក្នុងប្រទេសប៉ាគីស្ថាន ចាប់តាំងពីខែមករា ដែលបានសម្លាប់កងកម្លាំងសន្តិសុខចំនួន ៦២នាក់ នៅទូទាំងប្រទេស ហើយថា ប៉ាគីស្ថានមានភ័ស្តុតាងច្បាស់លាស់អំពីភាពពាក់ព័ន្ធរបស់ក្រុមនេះ នៅក្នុងអំពើហិង្សា ដែលកំពុងកើនឡើង។
ការវាយប្រហារនេះ បានជំរុញឲ្យស្ថានទូតបរទេសមួយចំនួនចាត់វិធានការសន្តិសុខបន្ថែម ដោយស្នើឲ្យបុគ្គលិកការទូត និងជនជាតិនានានៅក្នុងប្រទេសប៉ាគីស្ថាន បន្តការប្រុងប្រយ័ត្ន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ ស្ថានកុងស៊ុលសហរដ្ឋអាមេរិក បាននិយាយថា ខ្លួនបាន «ដឹងពីការគំរាមកំហែងនៃការវាយប្រហារភេរវកម្ម នៅកំពង់ផែការ៉ាជី (Karachi) ហើយបានស្នើឲ្យប្រជាពលរដ្ឋ និងបុគ្គលិកស្ថានទូតរបស់ខ្លួន នៅឲ្យឆ្ងាយពីតំបន់នោះ ហើយក៏បានណែនាំពួកគេកុំសូវចេញទៅណាមកណាពេក និងរក្សាការប្រុងប្រយ័ត្ននៅកន្លែងនានាដែលភ្ញៀវទេសចរមកលេងច្រើននោះ។