ក្រុមហ៊ុន អាស្រា្ត ហ្ស៊ីនីកា (AstraZeneca) បាននិយាយកាលពីថ្ងៃអង្គារ (០៧ ឧសភា) ថា ខ្លួនបានផ្តួចផ្តើមការដកយកវ៉ាក់សាំងកូវីដ១៩ ទូទាំងពិភពលោកមកវិញ ដោយសារ «ចំនួនផលិតលើសកំណត់នៃវ៉ាក់សាំងដែលបានធ្វើបច្ចុប្បន្នភាព» ចាប់តាំងពីជំងឺរាតត្បាតកូវីដ១៩ មក។ ក្រុមហ៊ុនក៏បាននិយាយផងដែរថា ខ្លួននឹងបន្តដកការអនុញ្ញាតទីផ្សាររបស់វ៉ាក់សាំងប្រភេទ វ៉ាកហ្សេវរៀ (Vaxzevria) ក្នុងទ្វីបអឺរ៉ុប។

យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបានឱ្យដឹងថា ក្រុមហ៊ុនផលិតឱសថអង់គ្លេស-ស៊ុយអែត មួយនេះបានសារភាពកាលពីមុននៅក្នុងឯកសារតុលាការថា វ៉ាក់សាំងនេះបណ្តាលឱ្យមានផលប៉ះពាល់ដូចជាការកកឈាម និងចំនួនប្លាកែតក្នុងឈាមធ្លាក់ទាប។ ពាក្យស្នើសុំរបស់ក្រុមហ៊ុនដើម្បីដកវ៉ាក់សាំងនេះត្រូវបានធ្វើឡើងនៅថ្ងៃទី០៥ ខែមីនា ហើយបានចូលជាធរមាននៅថ្ងៃទី០៧ ខែឧសភា នេះបើយោងតាមសារព័ត៌មាន តេលេក្រាហ្វ (Telegraph) ដែលបានរាយការណ៍ជាលើកដំបូងពីបញ្ហានេះ។

សារព័ត៌មានអង់គ្លេសនេះនិយាយថា ឯកសារផ្លូវច្បាប់ដែលបានដាក់ជូនក្នុងខែកុម្ភៈ ជាផ្នែកនៃដំណើរការបណ្តឹងរួម បាននិយាយថា វ៉ាក់សាំងរបស់ក្រុមហ៊ុននេះ «អាចក្នុងករណីកម្របំផុត បណ្តាលឱ្យមានអាការវិបល្លាសប្លាកែតឈាម (TTS)»។

យោងតាមអង្គការសុខភាពពិភពលោក (WHO) ស្ថានភាពដែលគេស្គាល់ថាជារោគសញ្ញាវិបល្លាសប្លាកែតឈាម ឬហៅថា TTS នេះគឺជា «ព្រឹត្តិការណ៍មិនល្អ និងគំរាមកំហែងដល់អាយុជីវិត»៕