វាយកូនបាល់៖ កីឡាករវាយកូនបាល់អាល្លឺម៉ង់ Alexander Zverev ដណ្តើមបានមេដាយមាសលើវិញ្ញាសាវាយកូនបាល់ឯកត្តជនឱ្យប្រទេសអាល្លឺម៉ង់ ក្រោយយកឈ្នះកីឡាកររុស្ស៊ី Karen Khachanov។ នេះជាជោគជ័យធំបំផុតក្នុងអាជីពរបស់ Alexander Zverev ក្នុងជ័យជំនះ ៦-៣ និង ៦-១ លើកីឡាកររុស្ស៊ី។

Zverev ឡើងមកដល់វគ្គផ្តាច់ព្រ័ត្រនេះក្រោយយកឈ្នះកីឡាករលេខ ១ ពិភពលោក Novak Djokovic។ ងាកមកប្រភេទកីឡាផ្សេងវិញ កីឡាការិនីប្រេស៊ីល Rebeca Andrade ប្រជែងឈ្នះមេដាយមាសលើវិញ្ញាសាកីឡាកាយសម្ព័ន្ធ ក្រោយទទួលបានពិន្ទុល្អជាងគេ។ មេដាយប្រាក់ក្នុងវិញ្ញាសានេះបានទៅកីឡាការិនីអាមេរិក MyKayla Skinner ដែលមកដល់វគ្គនេះ ក្រោយការដកខ្លួនរបស់ម្ចាស់មេដាយមាស ២០១៦ Simone Biles ដោយសារបញ្ហាសុខភាព ខណៈមេដាយសំរឹទ្ធបានទៅកីឡាការិនីកូរ៉េ Yeo Seojeong។

ងាកមកវិញ្ញាសាលោតទឹក កីឡាការិនីចិន Shi Tingmao ដណ្តើមបានមេដាយមាសទី២ របស់ខ្លួននៅលើវិញ្ញាសាលោតទឹកកំពស់ ៣ម៉ែត្រ។ មេដាយប្រាក់ក៏បានទៅចិនដែរគឺកីឡាការិនី Wang Han និងមេដាយសំរឹទ្ធបានទៅកីឡាការិនីអាមេរិក Krysta Palmer។ Shi Tingmao និង Wang Han ក៏ជាដៃគូនឹងគ្នាដែរក្នុងវិញ្ញាសាលោតទឹកជាគូកំពស់ ៣ម៉ែត្រនេះ។ Shi Tingmao មកដល់ពេលនេះឈ្នះមេដាយមាសអូឡាំពិក ៤គ្រឿងហើយក្នុងអាជីព៕
អត្ថបទ៖នាង សុភាវុធ