កងទ័ពរបស់ប្រទេសអ៊ីស្រាអែល បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅតំបន់ខ្ពង់រាប Golan Heights កាន់កាប់ដោយអ៊ីស្រាអែលកាលពីថ្ងៃពុធ ទី៨ ខែឧសភា។ តំបន់ខ្ពង់រាប Golan Heights គឺជាផ្នែកមួយរបស់ប្រទេសស៊ីរី រហូតដល់ឆ្នាំ១៩៦៧ នៅពេលនោះអ៊ីស្រាអែល បានដណ្តើមកាន់កាប់តំបន់នេះភាគច្រើននៅក្នុងសង្គ្រាមរយៈពេល៦ថ្ងៃ ដោយបានចូលកាន់កាប់ និងបានដាក់បញ្ចូលជាឧបសម្ព័ន្ធនៅឆ្នាំ១៩៨១។

ការដាក់បញ្ចូលឧបសម្ព័ន្ធជាឯកតោភាគី ពុំត្រូវបានទទួលស្គាល់ជាអន្តរជាតិនោះទេ ហើយប្រទេសស៊ីរីបានទាមទារយកទឹកដីនេះមកវិញ។ តំបន់ Golan មើលឃើញដល់ប្រទេសលីបង់ និងមានព្រំប្រទល់ជាប់ប្រទេសហ្ស៊កដានី។ សមយុទ្ធនេះ បានកើតឡើងខណៈការប្រយុទ្ធគ្នាបន្តយ៉ាងខ្លាំងនៅជាយក្រុង Rafah ដោយកងកម្លាំងអ៊ីស្រាអែលខិតចូលកាន់តែជិត។

ប្រទេសអ៊ីស្រាអែល បានគំរាមវាយប្រហារទ្រង់ទ្រាយធំទៅលើទីក្រុង Rafah ដើម្បីកម្ទេចក្រុមអ្នកប្រយុទ្ធហាម៉ាសរាប់ពាន់នាក់ ដែលខ្លួនបាននិយាយថាក្រុមនេះកំពុងលាក់ខ្លួននៅក្នុងទីក្រុង Rafah ប៉ុន្តែមនុស្សជាងមួយលាននាក់ក៏កំពុងជ្រកកោននៅក្នុងទីក្រុងនេះដែរ ដោយជំរុញឱ្យមានការព្រមានពីអង្គការសហប្រជាជាតិអំពីមហន្តរាយមនុស្សធម៌។