
ប្រធានាធិបតីអាមេរិក លោក Joe Biden កាលពីថ្ងៃពុធ (ទី៨ ខែឧសភា) បាននិយាយថា លោក Donald Trump នឹងបដិសេធមិនទទួលយកលទ្ធផល ប្រសិនបើរូបលោកចាញ់ការបោះឆ្នោតអាមេរិក នៅឆ្នាំ២០២៤ នេះ។
បុរសទាំង ២រូប ដែលបានប្រជែងគ្នាដណ្ដើមតំណែងសេតវិមាន ក្នុងឆ្នាំ២០២០ ត្រៀមតទល់គ្នាជាថ្មីម្ដងទៀត នៅក្នុងខែវិច្ឆិកា ដែលការស្ទង់មតិបង្ហាញថា សាធារណជនអាមេរិកមិនរីករាយនឹងការជួបគ្នាម្ដងទៀតនេះទេ។
ហើយនៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ CNN លោក Biden បានលើកឡើងពីការរំពឹងទុករបស់លោក ដែលថា លោក Trump មិនទទួលយកលទ្ធផលការបោះឆ្នោតនោះទេ ដោយលោកបានប្រាប់ថា៖ «ខ្ញុំហ៊ានធានាជាមួយអ្នកថា គាត់ (Trump) នឹងមិនទទួលយកទេ ដែលនេះជាគ្រោះថ្នាក់»។
គួរបញ្ជាក់ដែរថា ដោយមិនមានមូលដ្ឋានបញ្ជាក់អះអាងឲ្យបានច្បាស់លាស់ លោក Trump នៅតែទទូចថា រូបលោកបានឈ្នះការបោះឆ្នោតឆ្នាំ២០២០ ទោះបីជាបរាជ័យក្នុងការតវ៉ាផ្លូវច្បាប់ម្តងហើយម្តងទៀតក៏ដោយ។
ក្នុងបទសម្ភាសន៍នោះ លោក Biden បានបន្ថែមថា៖ «តើតុលាការមានសំណុំរឿងច្រើនប៉ុនណា? សំណុំរឿង នៅតុលាការកំពូល? ពួកគេទាំងអស់បាននិយាយថា នេះគឺជាការបោះឆ្នោតស្របច្បាប់ទាំងស្រុង។ តែនេះហើយ គឺលោក Trump។ អ្នកមិនអាចត្រឹមតែស្រឡាញ់ប្រទេសរបស់អ្នក នៅពេលដែលអ្នកមានជ័យជម្នះនោះទេ»។
សូមបញ្ជាក់ថា លោក Biden កំពុងតែនិយាយនៅក្នុងរដ្ឋ Wisconsin ដែលជាសមរភូមិសំខាន់មួយ ដោយនៅរដ្ឋនេះ លោក Trump ក៏កំពុងធ្វើយុទ្ធនាការកាល ២សប្តាហ៍មុនដែរ។
លោក Trump ដែលបច្ចុប្បន្នកំពុងជាប់ពាក់ព័ន្ធក្នុងសំណុំរឿងរបស់តុលាការ ជុំវិញការចោទប្រកាន់ថា បានបង់ប្រាក់បំបិទមាត់ឲ្យតារាអាសអាភាស Stormy Daniels កាលពីសប្តាហ៍មុន បានព្រលយពាក្យប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា លោកអាចនឹងជំទាស់ការបោះឆ្នោតឆ្នាំ២០២៤។ តែអតីតតារាទូរទស្សន៍ដ៏ល្បីឈ្មោះរូបនេះ បានប្រាប់សារព័ត៌មាន Milwaukee Journal Sentinel ថា លោកនឹងទទួលយកលទ្ធផល «ប្រសិនបើអ្វីគ្រប់យ៉ាង គឺសុច្ចរិត»៕