
គណបក្សប្រឆាំងស្តាំនិយមរបស់ប្រទេសម៉ាសេដូនីខាងជើង បានទទួលជ័យជម្នះ ក្នុងសំឡេងដ៏ច្រើនលើសលប់ នៅក្នុងការបោះឆ្នោតសភា និងប្រធានាធិបតី កាលពីថ្ងៃពុធ (៨ ឧសភា) ហើយនេះក៏ជារាត្រីមួយដែលបានឃើញប្រទេសបាល់កង់មួយនេះ បោះឆ្នោតជ្រើសរើសប្រមុខរដ្ឋជាស្ត្រីដំបូងរបស់ខ្លួន។
ក្រោយលទ្ធផលចេញ គេឃើញថា អ្នកគាំទ្រដែលពេញទៅដោយក្ដីរំភើបរីករាយជាច្រើនរយនាក់របស់គណបក្សប្រឆាំង VMRO-DPMNE បានជម្នះជាមួយតំណក់ទឹកភ្លៀង នៅខាងក្រៅទីស្នាក់ការកណ្តាលរបស់គណបក្ស ក្នុងទីក្រុង Skopje ដោយគ្រវីទង់ជាតិ និងទង់គណបក្ស ហើយរាំច្រៀងជាមួយតន្ត្រីប្រពៃណី។
លទ្ធផលពីគណៈកម្មាធិការរៀបចំការបោះឆ្នោត នៅក្នុងការបោះឆ្នោតសភានេះ បានបង្ហាញថា គណបក្ស VMRO-DPMNE ទទួលបានសំឡេងគាំទ្រ ៤២ភាគរយ ជាមួយសន្លឹកឆ្នោតដែលត្រូវបានរាប់ហើយ ៧២ភាគរយ ធៀបនឹង ១៤ភាគរយរបស់គណបក្ស SDSM ដែលជំរុញឲ្យមេដឹកនាំគណបក្ស SDSM លោក Dimitar Kovacevski ទទួលស្គាល់ការបរាជ័យ។
អ្នកបោះឆ្នោតនៅក្នុងប្រទេសបាល់កង់ដែលមានប្រជាជនចំនួន ២លាននាក់នេះ បានខកចិត្តជាមួយនឹងការវិវត្តទៅមុខយឺតៗនៃការស្នើសុំរបស់ខ្លួន ដើម្បីចូលរួមជាមួយសហភាពអឺរ៉ុប ដែលត្រូវបានស្វាគមន៍ដោយសុទិដ្ឋិនិយមក្នុងឆ្នាំ២០០៥ ប៉ុន្តែចាប់តាំងពីពេលនោះមក បានក្លាយជានិមិត្តរូបនៃការសន្យាដែលគ្មានរូបរាងរបស់ម៉ាសេដូនីខាងជើង៕