
អភិបាលនៃតំបន់ជាប់ព្រំដែនជាមួយអ៊ុយក្រែន នៅថ្ងៃព្រហស្បតិ៍ (ទី៩ ខែឧសភា) នេះ បាននិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ុយក្រែនទៅលើតំបន់ Belgorod របស់រុស្ស៊ី បានធ្វើឲ្យមនុស្ស ៨នាក់រងរបួស និងបង្កការខូចខាតដល់អគារលំនៅឋាន និងរថយន្តយ៉ាងច្រើន។
អភិបាលតំបន់ លោក Vyacheslav Gladkov បានឲ្យដឹងនៅលើកម្មវិធីផ្ញើសារ Telegram ថា ក្នុងចំណោមអ្នករងរបួសមានក្មេងស្រីអាយុ ១១ឆ្នាំម្នាក់ ដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ លោក Gladkov បានបន្ថែមថា ផ្ទះប្រហែល ៣៤ខ្នង នៅក្នុងអគារផ្ទះល្វែងចំនួន១៩ ត្រូវបានខូចខាត ក៏ដូចជារថយន្តចំនួនជាង ៣០គ្រឿង នៅក្នុងទីក្រុង Belgorod ដែលជាមជ្ឈមណ្ឌលរដ្ឋបាលក្នុងតំបន់។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី បានបំផ្លាញគ្រាប់រ៉ុក្កែតចំនួន ១៥គ្រាប់ដែលបាញ់ចេញពីប្រព័ន្ធ RM-70 Vampir និងយានដ្រូន ១គ្រឿងពីលើតំបន់នេះ។
ជាមួយគ្នានេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើកម្មវិធីផ្ញើសារ Telegram ក្រសួងបានឲ្យដឹងថា យានដ្រូនចំនួន ៣គ្រឿង ក៏ត្រូវបានទម្លាក់ផងដែរនៅតំបន់ Kursk របស់ប្រទេសរុស្ស៊ី និងចំនួន ២គ្រឿង នៅតំបន់ Bryansk។ តំបន់ទាំងអស់នេះ គឺនៅជាប់ព្រំដែនអ៊ុយក្រែន៕