លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី៩ឧសភា សប្ដាហ៍នេះ ថា គ្មានអ្វីមិនចម្លែកឡើយ នៅក្នុងសមយុទ្ធ ដែលបានគ្រោងធ្វើពាក់ព័ន្ធនឹងការអនុវត្តការដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រឬតាលទិកនៅភាគខាងត្បូងរបស់ប្រទេសរុស្ស៊ី រួមជាមួយសម្ព័ន្ធមិត្តបេឡារុស ខណៈការត្រៀមរៀបចំសម្រាប់សមយុទ្ធបានចាប់ផ្តើម។

រុស្ស៊ី បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួននឹងអនុវត្តការដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រជាផ្នែកនៃសមយុទ្ធយោធា បន្ទាប់ពីអ្វីដែលទីក្រុងមូស្គូ បាននិយាយថាជាការគំរាមកំហែងពីប្រទេសបារាំង អង់គ្លេស និងសហរដ្ឋអាមេរិក។
ទីភ្នាក់ងារព័ត៌មានរដ្ឋ TASS របស់រុស្ស៊ី បានរាយការណ៍ថា លោក Putin បាននិយាយថា គ្មានអ្វីចម្លែកទេនៅទីនេះ គឺជាការងារដែលបានគ្រោងទុក ។ នេះគឺជាការហ្វឹកហាត់ប៉ុណ្ណោះ។

នៅក្នុងសេចក្តីប្រកាសរបស់ខ្លួនកាលពីថ្ងៃចន្ទ ក្រសួងការពារជាតិរបស់រុស្ស៊ី បានភ្ជាប់យ៉ាងច្បាស់នូវសមយុទ្ធនុយក្លេអ៊ែរនេះ ទៅនឹងសេចក្តីថ្លែងការណ៍បង្កហេតុ និងការគំរាមកំហែងដោយមន្ត្រីលោកខាងលិចមួយចំនួនប្រឆាំងនឹងសហព័ន្ធរុស្ស៊ី ។
លោកប្រធានាធិបតីដែលទើបឡើងកាន់តំណែងថ្មីនៅថ្ងៃអង្គារទី៧ឧសភាសប្ដាហ៍នេះ បាននិយាយកាលពីឆ្នាំមុនថាទីក្រុងមូស្គូបានផ្ទេរអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រមួយចំនួនទៅប្រទេសបេឡារុស ដែលជាការចល័តក្បាលគ្រាប់លើកដំបូងរបស់រុស្ស៊ីនៅខាងក្រៅប្រទេសរុស្ស៊ីចាប់តាំងពីការដួលរលំនៃសហភាពសូវៀតឆ្នាំ ១៩៩១ ។

លោក ពូទីន បាននិយាយថា លោកបានស្នើទៅប្រទេសបេឡារុស ឱ្យចូលរួមនៅក្នុងផ្នែកមួយនៃសមយុទ្ធនុយក្លេអ៊ែរ ដែលបានប្រកាសកាលពីថ្ងៃចន្ទ។ រហូតមកដល់ពេលនេះ រុស្ស៊ី និងសហរដ្ឋអាមេរិក គឺជាមហាអំណាចនុយក្លេអ៊ែរដ៏ធំបំផុតរបស់ពិភពលោក ដែលមានក្បាលគ្រាប់នុយក្លេអ៊ែរជាង ១០.៦០០ គ្រាប់ ក្នុងចំណោមក្បាលគ្រាប់នុយក្លេអ៊ែរ សរុបរបស់ពិភពលោកចំនួន ១២.១០០ គ្រាប់ ។ ប្រទេសចិនមានឃ្លាំងអាវុធនុយក្លេអ៊ែរធំជាងគេទីបីតាមពីក្រោយដោយ បារាំង និងអង់គ្លេស៕