នាង ស្តមមី ដានីញែលស៍ (Stormy Daniels) បានបញ្ចប់ការផ្តល់សក្ខីកម្មរបស់ខ្លួននៅឯការកាត់ក្តីប្រាក់បំបិទមាត់ដ៏រសើបរបស់លោក ដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃព្រហស្បតិ៍ (០៩ ឧសភា) ខណៈក្រុមមេធាវីតំណាងអតីតប្រធានាធិបតីរូបនេះ កំពុងស្វះស្វែងរកការលាបពណ៌នាងជាមនុស្សកុហក និងលោភលន់ ដែលបានចំណេញពីការចោទប្រកាន់នេះ។

តារាភាពយន្តអាសអាភៀស ដែលអះអាងថាមានទំនាក់ទំនងផ្លូវភេទជាមួយលោក ត្រាំ កាលពីឆ្នាំ២០០៦ បានបដិសេធថានាងមិនបានគំរាមកំហែង ឬជំរិតទារប្រាក់ពីមហាសេដ្ឋីរូបនេះទេ ប្រសិនបើលោកមិនឱ្យប្រាក់បំបិទមាត់នាង។
នាង ដានីញែលស៍ វ័យ ៤៥ ឆ្នាំរូបនេះបាននិយាយក្នុងអំឡុងពេលសវនាការថា «ខ្ញុំចង់ឱ្យការពិតត្រូវលាតត្រដាងដើម្បីឱ្យរឿងរ៉ាវរបស់ខ្ញុំត្រូវបានការពារដោយច្បាប់ និងដើម្បីកុំឱ្យគ្រួសាររបស់ខ្ញុំត្រូវរងការធ្វើបាប»។
លោក ត្រាំ វ័យ ៧៧ ឆ្នាំត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំកំណត់ត្រាអាជីវកម្មដើម្បីឱ្យមេធាវីរបស់ខ្លួនកាលនោះ គឺលោក ម៉ៃខល ខូហេន (Michael Cohen) បង់ប្រាក់ចំនួន ១៣០.០០០ ដុល្លារដល់នាង ដានីញែលស៍ នៅមុនការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៦ ព្រោះការលាតត្រដាងនៃរឿងនេះអាចបង្ហាញពីគ្រោះថ្នាក់នយោបាយ។

ការប្រឈមមុខដាក់គ្នារវាងនាង ដានីញែលស៍ និងលោក ត្រាំ បានធ្វើឡើងរយៈពេលប្រាំមួយខែមុនការបោះឆ្នោតខែវិច្ឆិកា នៅពេលដែលគណបក្សសាធារណរដ្ឋ កំពុងព្យាយាមយកជ័យជម្នះលើប្រធានាធិបតីបក្សប្រជាធិបតេយ្យ លោក ចូ បៃដិន (Joe Biden)៕