
តុលាការកំពូលរបស់ប្រទេសឥណ្ឌា នៅថ្ងៃសុក្រ (ទី១០ ខែឧសភា) នេះ បានយល់ព្រមតាមការធានាឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ចំពោះរដ្ឋមន្ត្រីប្រចាំដែនដីរដ្ឋធានីជាតិ Delhi គឺលោក Arvind Kejriwal ក្នុងសំណុំរឿងពុករលួយ ដោយនេះជាឱកាសអាចឲ្យរូបលោកធ្វើយុទ្ធនាការក្នុងការបោះឆ្នោតសកលដែលកំពុងប្រព្រឹត្តទៅ ពោលគឺជួយជំរុញដល់សម្ព័ន្ធភាពក្រុមប្រឆាំងដែលរូបលោកជាមេដឹកនាំដ៏សំខាន់មួយរូប។
តុលាការបានឲ្យដឹងថា ការធានាឲ្យនៅក្រៅឃុំបណ្តោះអាសន្ននេះ នឹងមានរយៈពេលរហូតដល់ថ្ងៃទី១ ខែមិថុនា ដែលជាថ្ងៃចុងក្រោយនៃការបោះឆ្នោត ៧ដំណាក់កាល ហើយលោក Kejriwal នឹងត្រូវប្រគល់ខ្លួននៅថ្ងៃទី២ ខែមិថុនា។
ការបោះឆ្នោតរបស់ប្រទេសឥណ្ឌាលើកនេះ ត្រូវបានធ្វើឲ្យអាប់អួដោយសារមានការចោទប្រកាន់ជាច្រើន ដែលថា រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីលោក Narendra Modi កំពុងប្រើភ្នាក់ងារស៊ើបអង្កេត ដើម្បីបំផ្លាញគូប្រជែង ជាការចោទប្រកាន់ដែលរដ្ឋាភិបាលបានបដិសេធ។
គួររំលឹកដែរថា នាយកដ្ឋានអនុវត្តច្បាប់ (ED) ដែលជាទីភ្នាក់ងារប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មហិរញ្ញវត្ថុរបស់ឥណ្ឌា បានចាប់ខ្លួន លោក Kejriwal ដែលជាអ្នករិះគន់ឥតញញើតមាត់ ចំពោះលោក Modi និងជាមេដឹកនាំគណបក្សប្រឆាំងដ៏សំខាន់មួយរូប កាលពីថ្ងៃទី២១ ខែមីនា ពាក់ព័ន្ធនឹងការចោទប្រកាន់អំពើពុករលួយទាក់ទងនឹងគោលនយោបាយស្រារបស់ដែនដីរដ្ឋធានីជាតិ។
រដ្ឋបាលរបស់លោក Kejriwal និងគណបក្ស Aam Aadmi របស់លោក បានបដិសេធការចោទប្រកាន់ពីបទប្រព្រឹត្តិអំពើពុករលួយ។ លោក Modi និងគណបក្ស Bharatiya Janata (BJP) របស់លោក បាននិយាយថា ភ្នាក់ងារស៊ើបអង្កេតគ្រាន់តែធ្វើការងាររបស់ពួកគេប៉ុណ្ណោះ ហើយរដ្ឋាភិបាលមិនមានឥទ្ធិពលលើស្ថាប័ននេះនោះទេ៕