ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បាននិយាយនៅថ្ងៃសៅរ៍នេះថា ប្រទេសកូរ៉េខាងជើង នឹងបំពាក់ឲ្យយោធារបស់ខ្លួនជាមួយនឹងជើងទម្ររ៉ុក្កែតចម្រុះ ២៤០ មីល្លីម៉ែត្រ ដែលចាប់ផ្តើមនៅឆ្នាំនេះ ហើយការផ្លាស់ប្តូរដ៏សំខាន់សម្រាប់សមត្ថភាពប្រយុទ្ធដោយកាំភ្លើងធំរបស់កងទ័ព កំពុងតែដំណើរការ។ ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េផ្លូវការ របស់ទីក្រុងព្យុងយ៉ាង បាននិយាយថា មេដឹកនាំ លោកគីម ជុងអ៊ុន កាលពីថ្ងៃសុក្រ បានត្រួតពិនិត្យការសាកល្បងបាញ់គ្រាប់ពិតនៃប្រព័ន្ធរ៉ុក្កែតធ្វើបច្ចុប្បន្នភាព តាមលក្ខណៈបច្ចេកទេស។

សេចក្តីប្រកាសនេះ ធ្វើឡើងខណៈអ្នកវិភាគនិយាយថា កូរ៉េខាងជើង ដែលមានអាវុធនុយក្លេអ៊ែរ អាចនឹងធ្វើការសាកល្បង និងបង្កើនការផលិតកាំភ្លើងធំ និងមីស៊ីលតម្រង់គោលដៅ មុនពេលបញ្ជូនពួកវាទៅឲ្យប្រទេសរុស្ស៊ីសម្រាប់ប្រើប្រាស់នៅក្នុងសង្គ្រាមនៅអ៊ុយក្រែន។
ទីក្រុងព្យុងយ៉ាង កាលពីខែកុម្ភៈបាននិយាយថា ខ្លួនបានបង្កើតប្រព័ន្ធគ្រប់គ្រងថ្មីសម្រាប់ជើងទម្ររ៉ុក្កែតចម្រុះ ២៤០មីល្លីម៉ែត្រ ដែលនឹងនាំឱ្យមានការផ្លាស់ប្តូរគុណភាពនៅក្នុងសមត្ថភាពការពារជាតិរបស់ខ្លួន ហើយកាលពីខែមុន បានបាញ់សាកល្បងគ្រាប់ផ្លោងថ្មី។
សារព័ត៌មាន KCNA បាននិយាយនៅថ្ងៃសៅរ៍នេះថា ជើងទម្ររ៉ុក្កែត ដែលបានធ្វើបច្ចុប្បន្នភាព នឹងត្រូវដាក់ពង្រាយទៅកាន់អង្គភាពកងទ័ពប្រជាជនកូរ៉េ ជាឧបករណ៍ជំនួសពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦ ។
ប៉ុន្តែទីក្រុងព្យុងយ៉ាង បាននិយាយថា គ្រាប់ផ្លោងចំនួន ៨ គ្រាប់ បានបាញ់ដល់ចំណុចគោលដៅ ដើម្បីបញ្ជាក់យ៉ាងច្បាស់ពីប្រយោជន៍ និងឥទ្ធិពលបំផ្លាញរបស់ប្រព័ន្ធជើងទម្របាញ់គ្រាប់រ៉ុក្កែតចម្រុះ ២៤០ មីលីម៉ែត្រ ដែលបានធ្វើបច្ចុប្បន្នភាព។ រូបភាពដែលបានចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានបង្ហាញថា មេដឹកនាំ លោកគីម កំពុងនិយាយទៅកាន់មន្ត្រីយោធា ក្នុងអំឡុងពេលត្រួតពិនិត្យឧបករណ៍បាញ់បង្ហោះ ក៏ដូចជាអ្វីដែលទំនងជាការសាកល្បងបាញ់គ្រាប់ពិតរបស់ប្រព័ន្ធនេះ។
