ប្រព័ន្ធផ្សព្វផ្សាយរដ្ឋKCNA បានរាយការណ៍ កាលពីថ្ងៃសៅរ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុង អ៊ុន បានត្រួតពិនិត្យ ប្រព័ន្ធកាំភ្លើងធំរបស់ប្រទេសនេះ និងបានចូលរួមការបាញ់សាកល្បងអាវុធប្រភេទនេះ។

រូបថត ជាច្រើនសន្លឹក ដែលបានផ្សព្វផ្សាយ ដោយប្រព័ន្ធផ្សព្វផ្សាយKCNA បានបង្ហាញ លោក គីម កំពុងមើលជុំវិញប្រព័ន្ធកាំភ្លើងធំ កាលពីថ្ងៃសុក្រ និងបានមើលការបាញ់សាកល្បងតាមរយៈអេក្រង់ត្រួតពិនិត្យជាមួយក្រុមមន្រ្ដីផ្សេងទៀត។
ទីភ្នាក់ងារពត៌មានKCNA បានរាយការណ៍ថា លោក គីម បានដឹងពីរបៀបកែសម្រួលថ្មីតាមលក្ខណៈបច្ចេកទេសសម្រាប់ប្រព័ន្ធជើងទម្របាញ់គ្រាប់រ៉ូកែតចម្រុះ២៤០-មីលីម៉ែត្រ (240 mm) ដែលបានផលិតឡើងនៅឯ សហគ្រាសឧស្សាហកម្ម ការពារជាតិ ផ្សេងគ្នា។
កាលពីខែមុន លោក គីម បានចុះត្រួតពិនិត្យ ការបាញ់សាកល្បងរបស់រ៉ូកែតចម្រុះ២៤០-មីលីម៉ែត្រ និងបាននិយាយថា ប្រព័ន្ធបាញ់គ្រាប់រ៉ូកែតចម្រុះ២៤០-មីលីម៉ែត្រនេះ នឹងនាំអោយមានការផ្លាស់ប្ដូរជាយុទ្ធសាស្រ្ដ នៅក្នុងការពង្រឹងសមត្ថភាពកាំភ្លើងធំរបស់ប្រទេស៕
