ជនស៊ីវិលមួយក្រុមមកពីរដ្ឋធានី វ៉ាសូវីរបស់ប្រទេសប៉ូឡូញ បានចំណាយពេលហ្វឹកហាត់កាលពីថ្ងៃសៅរ៍នូវបច្ចេកទេសផ្នែកយោធា ដោយការជួបជុំគ្នាដែលបានផ្សព្វផ្សាយដូចជា ការហ្វឹកហាត់ជាមួយកងទ័ពរបស់ក្រសួងការពារជាតិ។

មេរៀនហ្វឹកហាត់នេះ មានរយ:ពេល២ខែ និងមានមេរៀនជាច្រើនស្ដីពីការប្រើប្រាស់អាវុធ បច្ចេកទេសការពារខ្លួន រៀនពីរបៀបផ្គុំអាវុធ មូលដ្ឋានគ្រឹះនៃរក្សាជីវិត និងការសង្រ្គោះបន្ទាន់។

គណនេយ្យករ លោក ព័តទ័រ ព្យែទ្រូហ្ស៊ុក (Piotr Pietruczuk) អាយុ ៣៤ឆ្នាំ បាននិយាយថា ពីមុនលោក មិនសូវជាចាប់អារម្មណ៍ផ្នែកយោធាទេ ដោយបានបន្ថែមថា ដោយសារតែភាពតានតឹងផ្នែកភូមិសាស្រ្ដនយោបាយ និងសង្រ្គាមរបស់រុស្ស៊ី ក្នុងប្រទេសអ៊ុយក្រែន បានជំរុញអោយលោក ត្រូវតែរៀនបន្ថែមអំពីមុខវិជ្ជាសំខាន់នេះ។
ម៉ាតា សៀតលេកា (Marta Siedlecka) អាយុ ៤០ឆ្នាំ ដែលបានមកហ្វឹកហ្វឺន ជាមួយនឹងប្ដី និងកូនប្រុសរបស់នាង ក៏បានលើកឡើងពីទស្សន:ខ្លះផងដែរពីស្ថានការណ៍ភូមិសាស្រ្ដនយោបាយ និងការហ្វឹកហ្វឺននេះ នឹងផ្ដល់អោយនាងកាន់តែមានស្មារតីរឹមាំ នៅក្នុងផ្នែកសន្ដិសុខ។
យោងតាម ក្រសួងការពារជាតិ បានឱ្យដឹងថា មានពលរដ្ឋប៉ូឡូញជាង ២៣.០០០នាក់ បានមកចូលរួមការហ្វឹកហាត់ ដែលបើកឱកាសសម្រាប់មនុស្សចាប់ពី១៥ឆ្នាំឡើងទៅ។