យោងតាមមន្ត្រីរុស្ស៊ី មនុស្សយ៉ាងហោចណាស់ ១៥នាក់បានស្លាប់ និង ២០នាក់រងរបួស កាលពីថ្ងៃអាទិត្យ នៅពេលផ្នែកមួយនៃប្លុកអគារលំនៅឋានមួយក្នុងទឹកដីរុស្ស៊ីបានដួលរលំ បន្ទាប់ពីត្រូវបានវាយប្រហារដោយបំណែកនៃមីស៊ីលសម័យសូវៀត ដែលបាញ់ដោយអ៊ុយក្រែន និងបាញ់ទម្លាក់ដោយរុស្ស៊ី។
នៅក្នុងការវាយប្រហារដ៏សាហាវបំផុតមួយមកទល់ពេលនេះ នៅតំបន់បេលហ្គ័រុត (Belgorod) អ៊ុយក្រែនបានចាប់ផ្តើមនូវអ្វីដែលមន្ត្រីរុស្ស៊ីបាននិយាយថាជាការវាយប្រហារដោយមីស៊ីលដ៏ធំ ដោយប្រើ មីស៊ីលបាលីស្ទីក តូចកា (Tochka) និងប្រព័ន្ធរូកែតពហុជំនាញ អេដល័រ (Adler) និង RM-70 វេមផាយអ័រ (Vampire)(MLRS) ។
វីដេអូពីកន្លែងកើតហេតុបានបង្ហាញថាអគារកម្ពស់១០ជាន់ បានបាក់។ក្រោយមក នៅពេលសេវាសង្គ្រោះបន្ទាន់បាន ស្វែងរកអ្នកនៅរស់រានមានជីវិតតាមគំនរកម្ទេចថ្ម ដំបូលបានដួលរលំ ហើយមនុស្សបានរត់គេចយ៉ាងស្លន់ស្លោរ។ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា ការវាយប្រហារដែលខ្លួនហៅថា ការវាយប្រហារដោយក្រុម ភេរវករលើតំបន់លំនៅឋាន បានកើតឡើងនៅម៉ោង ៨និង៤០នាទី ម៉ោងសកល ហើយមីស៊ីលយ៉ាងហោចណាស់១២ដើម ត្រូវបានប្រើ ។
ក្រសួងគ្រាអាសន្នរបស់រុស្ស៊ីបាននិយាយនៅព្រឹកថ្ងៃចន្ទសប្ដាហ៍នេះថា មនុស្ស ១៥ នាក់ត្រូវបានសម្លាប់។
ទីភ្នាក់ងារព័ត៌មានរុស្ស៊ី បាននិយាយថា មនុស្ស២០នាក់បានរងរបួស និងយ៉ាងហោចណាស់មានក្មេងម្នាក់ក្នុងចំណោមអ្នកបាត់ខ្លួន។ មិនមានការអត្ថាធិប្បាយភ្លាមៗពីអ៊ុយក្រែនទេ។ ក្រុង Kyiv និយាយថា ការដាក់គោលដៅលើយោធា ការដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់រុស្ស៊ី ធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងសង្រ្គាមរបស់ទីក្រុងមូស្គូ ៕


