
ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅថ្ងៃចន្ទនេះថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បានបំផ្លាញមីស៊ីលចំនួន ១៦គ្រាប់ និងយានដ្រូនចំនួន ៣១គ្រឿង ដែលអ៊ុយក្រែន បានបាញ់បង្ហោះលើទឹកដីរុស្ស៊ីនៅពេលយប់ ក្នុងនោះមីស៊ីល ចំនួន ១២គ្រាប់ពីលើតំបន់ព្រំដែនទីក្រុងBelgorod ដែលបានរងការវាយប្រហារនោះ។
អភិបាលតំបន់ Vyacheslav Gladkov បានសរសេរនៅលើកម្មវិធីផ្ញើសារ Telegramថា ផ្ទះចំនួន ៥ខ្នង ត្រូវរងការខូចខាត នៅក្នុងទីក្រុង Belgorod ប៉ុន្តែបើយោងតាមព័ត៌មានបឋម មិនមានអ្នករងរបួសទេ។
រុស្ស៊ីបាននិយាយថា កាលពីថ្ងៃអាទិត្យ មនុស្ស ១៥នាក់ បានស្លាប់នៅក្នុងទីក្រុង Belgorod នៅពេលដែលផ្នែកមួយនៃប្លុកផ្ទះល្វែងមួយ បានដួលរលំ បន្ទាប់ពីត្រូវបានវាយប្រហារដោយបំណែកនៃមីស៊ីលសម័យសូវៀតដែលអ៊ុយក្រែនបានបាញ់ និងត្រូវបានបាញ់ទម្លាក់ដោយកងកម្លាំងរុស្ស៊ី។
ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅថ្ងៃចន្ទនេះថា មីស៊ីលតម្រង់គោលដៅទាំង ១២ គ្រាប់ ត្រូវបានបាញ់ចេញពីជើងទម្ររ៉ុក្កែតច្រើនប្រភេទ Vilkha របស់អ៊ុយក្រែន។
ក្រសួងក៏បាននិយាយផងដែរថា យន្តហោះចម្បាំង Storm Shadow ចំនួន ៤គ្រឿង និងយានដ្រូន ៧ គ្រឿង ត្រូវបានបាញ់ទម្លាក់នៅតំបន់គ្រីម៉េ យានដ្រូនចំនួន ៨គ្រឿង ត្រូវបានបំផ្លាញ នៅតំបន់ Kursk និង ៤គ្រឿង ត្រូវបានស្ទាក់ចាប់នៅតំបន់ Lipetsk។