
ប្រធានាធិបតីបារាំង នៅថ្ងៃចន្ទ (ទី១៣ ខែឧសភា) បាននិយាយថា ព្រឹត្តិការណ៍ «Choose France» (ជ្រើសរើសបារាំង) នៅឆ្នាំនេះ ជាកិច្ចប្រជុំកំពូលប្រចាំឆ្នាំដែលមានគោលបំណងទាក់ទាញការវិនិយោគបរទេសមកកាន់ប្រទេសបារាំង នឹងនាំមកនូវការវិនិយោគបរទេសចំនួន ១៥ពាន់លានអឺរ៉ូ (១៦,២ពាន់លានដុល្លារ) ដោយកើនលើសពីឆ្នាំមុន។
ចំនួននេះតំណាងឲ្យការកើនឡើងពីកិច្ចប្រជុំកំពូល កាលពីឆ្នាំមុន ដែលបាននាំមកនូវការវិនិយោគបរទេសតម្លៃ ១៣ពាន់លានអឺរ៉ូ។ ប្រធានាធិបតីលោក Emmanuel Macron ចាប់ផ្តើមព្រឹត្តិការណ៍នេះ នៅថ្ងៃចន្ទនេះ។
កិច្ចប្រជុំកំពូលនេះមានគោលបំណងធ្វើឲ្យមានភាពស្រស់បំព្រងដល់កេរ្តិ៍ឈ្មោះរបស់ទីក្រុងប៉ារីស ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មឈានមុខគេ នៅតំបន់អឺរ៉ុប ខណៈបារាំង ដែលជាប្រទេសសេដ្ឋកិច្ចធំបំផុតជាងគេទី២ របស់តំបន់ចាយប្រាក់អឺរ៉ូ ប្រឈមនឹងការលំបាកឱនភាពថវិកា និងកំណើនសេដ្ឋកិច្ចខ្សោយ ក្នុងត្រីមាសទី១។
ទីក្រុងប៉ារីស ជាធម្មតានៅពីក្រោយទីក្រុងញូវយ៉ករបស់អាមេរិក និងទីក្រុងឡុងដ្រ៍របស់អង់គ្លេស ក្នុងនាមជាមជ្ឈមណ្ឌលហិរញ្ញវត្ថុសកល ដោយការសិក្សារបស់ Z/Yen ដែលបានតាមដានយ៉ាងដិតដល់ និងដែលត្រូវបានចេញផ្សាយក្នុងខែមីនា បានដាក់ចំណាត់ថ្នាក់ទីក្រុងញូវយ៉កជាមជ្ឈមណ្ឌលហិរញ្ញវត្ថុធំជាងគេបំផុតរបស់ពិភពលោក ដោយទីក្រុងឡុងដ្រ៍នៅលំដាប់ទី២។
ប្រធានាធិបតីបារាំងបាននិយាយថា ការវិនិយោគបរទេសសរុបចំនួន ១៥ពាន់លានអឺរ៉ូនេះ បានមកពីគម្រោងអាជីវកម្មចំនួន ៥៦ផ្សេងៗគ្នា ដោយវិស័យសំខាន់ៗ សម្រាប់ការវិនិយោគនានា រួមមានបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត (AI) និងហិរញ្ញវត្ថុ។
ក្នុងចំណោមក្រុមហ៊ុនបរទេសផ្សេងៗ ក្រុមហ៊ុន Microsoft បាននិយាយថា ខ្លួននឹងវិនិយោគ ៤ពាន់លានអឺរ៉ូ នៅប្រទេសបារាំង ខណៈដែលនៅចុងសប្តាហ៍នេះ ប្រទេសបារាំងបាននិយាយថា ក្រុមហ៊ុន Amazon នឹងប្រកាសការវិនិយោគ ១,២ពាន់លានអឺរ៉ូ នៅក្នុងព្រឹត្តិការណ៍នេះ។ ចំណែកក្រុមហ៊ុនថែទាំសុខភាព Pfizer និង AstraZeneca ក៏បានប្រកាសពីការវិនិយោគដែលមានតម្លៃសរុបជិត ១ពាន់លានដុល្លារដែរ៕