ក្រុមអ្នកតវ៉ាជនជាតិអ៊ីស្រាអែល បានរារាំងរថយន្តជំនួយដែលធ្វើដំណើរឆ្ពោះទៅតំបន់ហ្កាហ្សា កាលពីថ្ងៃចន្ទ (១៣ ឧសភា) ដោយបានលើកកញ្ចប់អាហារគប់ចោលនៅលើផ្លូវ ក្នុងឧប្បត្តិហេតុចុងក្រោយបង្អស់ដែលបានកើតឡើង ខណៈដែលអ៊ីស្រាអែល បានសន្យាថានឹងអនុញ្ញាតឱ្យការផ្គត់ផ្គង់មនុស្សធម៌ដោយគ្មានការរំខានចូលទៅក្នុងតំបន់ហ៊ុមព័ទ្ធ។

បាតុករ ៤ នាក់ រួមទាំងអនីតិជនម្នាក់ ត្រូវបានចាប់ខ្លួននៅក្នុងការតវ៉ានៅឯច្រកត្រួតពិនិត្យ ថាគូមីយ៉ា (Tarqumiya) ភាគខាងលិចនៃទីក្រុង ហេប្រ៊ុន (Hebron) ក្នុងតំបន់ វេសបែង (West Bank) ដែលអ៊ីស្រាអែលកាន់កាប់ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់មេធាវីតំណាងឱ្យក្រុមបាតុករ។

វីដេអូដែលបានផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញពីក្រុមបាតុករបានគប់គ្រឿងផ្គត់ផ្គង់ពីរថយន្តដឹកទំនិញទៅលើដី ដោយមានប្រអប់ដាក់ស្បៀងអាហារបើកចំហរបានរាយប៉ាយពាសពេញផ្លូវ។
ក្រុមដែលរៀបចំការតវ៉ាបាននិយាយថា ដរាបណាអ៊ីស្រាអែល «ផ្តល់អំណោយដល់ក្រុមហាម៉ាស និងលទ្ធភាពនៃការគ្រប់គ្រងទាំងស្រុងលើតំបន់ហ្កាហ្សាស្ទ្រីប តាមរយៈកម្មសិទ្ធិនៃការចែកចាយជំនួយនោះ ក្រុមហាម៉ាស នឹងមិនចាប់អារម្មណ៍លើកិច្ចព្រមព្រៀងដែលនឹងនាំយកចំណាប់ថ្នូរជាង ១០០ នាក់ មកវិញទេ៕