រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានទៅដល់ទីក្រុង គីវ (Kyiv) នៅថ្ងៃអង្គារ ទី១៤ឧសភានេះ ក្នុងដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសអ៊ុយក្រែន ដោយមន្ត្រីជាន់ខ្ពស់អាមេរិក ចាប់តាំងពីសភា បានអនុម័តកញ្ចប់ជំនួយយោធាដែលបានពន្យារពេលជាយូរ ចំនួន៦១ពាន់លានដុល្លារ សម្រាប់ប្រទេសនេះ កាលពីខែមុន។

ដំណើរទស្សនកិច្ចគ្មានការផ្ដល់ដំណឹងជាមុននេះ មានបំណងបង្ហាញសាមគ្គីភាពរបស់សហរដ្ឋអាមេរិកជាមួយនឹងអ៊ុយក្រែន ខណៈខ្លួនកំពុងតស៊ូទប់ទល់ការទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លារបស់រុស្ស៊ីនៅតាមព្រំដែ នភាគឦសានរបស់ខ្លួន។
មន្ត្រីសហរដ្ឋអាមេរិក ដែលបានប្រាប់អ្នកយកព័ត៌មានពេលកំពុងធ្វើដំណើរជាមួយ Blinken ដោយសុំមិនបញ្ចេញឈ្មោះបាននិយាយថា លោក Blinken ដែលបានទៅដល់ទីក្រុង Kyiv តាមរថភ្លើងនៅព្រឹកថ្ងៃអង្គារនេះ សង្ឃឹមថានឹងបញ្ជូនសញ្ញានៃការធានាដ៏រឹងមាំដល់ប្រជាជនអ៊ុយក្រែន នៅក្នុងគ្រាដ៏លំបាក។

មន្ត្រីខាងលើនិយាយថា ប្រមុខការបរទេសអាមេរិក រូបនេះ នឹងធានាដល់ក្រុមមន្ត្រីអ៊ុយក្រែន រួមទាំងលោកប្រធានាធិបតី Volodymyr Zelenskiy ចំពោះការផ្ដល់ការគាំទ្ររបស់សហរដ្ឋអាមេរិក និងថ្លែងសុន្ធរកថា ផ្ដោតលើអនាគតរបស់អ៊ុយក្រែន ៕