
អតីតមេធាវីកងទ័ពអូស្ត្រាលីលោក David McBride ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ និង ៨ខែ ពីបទបង្ហាញព័ត៌មានអំពីឧក្រិដ្ឋកម្មសង្គ្រាមអូស្ត្រាលីដែលត្រូវបានចោទប្រកាន់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
អ្នកគាំទ្រលោក McBride បានសម្តែងការព្រួយបារម្ភជាយូរមកថា រដ្ឋាភិបាលអូស្ត្រាលី ចាប់អារម្មណ៍កាន់តែខ្លាំងក្នុងការដាក់ទណ្ឌកម្មលោកចំពោះការបង្ហាញព័ត៌មានអំពីឧក្រិដ្ឋកម្មសង្គ្រាម ជាជាងជនល្មើសដែលត្រូវបានគេចោទប្រកាន់។
លោកស្រី Rawan Arraf នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់យុត្តិធម៌អន្តរជាតិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយបន្ទាប់ពីការកាត់ទោសនេះថា៖«វាគឺជាការជាប់ឃុំដែលមនុស្សដំបូងត្រូវជាប់ពន្ធនាគារទាក់ទងនឹងឧក្រិដ្ឋកម្មសង្រ្គាមរបស់ប្រទេសអូស្ត្រាលី នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន មិនមែនជាឧក្រិដ្ឋជនសង្គ្រាមទេ ប៉ុន្តែជាអ្នកផ្តល់ព័ត៌មានឲ្យ»។
លោក Kieran Pender នាយកផ្នែកច្បាប់ស្តីទីនៃមជ្ឈមណ្ឌលច្បាប់សិទ្ធិមនុស្ស ដែលមានមូលដ្ឋាននៅទីក្រុងមែលប៊ន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដដែល ដោយកត់សម្គាល់ថា ការជាប់ពន្ធនាគាររបស់លោក McBride នឹងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើអ្នកនិយាយការពិតដ៏សំខាន់ថា៖«នេះ គឺជាថ្ងៃដ៏ខ្មៅងងឹតសម្រាប់លទ្ធិប្រជាធិបតេយ្យអូស្ត្រាលី»។
លោក McBride ដែលបានមកដល់តុលាការកំពូលក្នុងទីក្រុងកង់បេរ៉ា ( Canberra) ប្រទេសអូស្ត្រាលីនៅព្រឹកនេះ ជាមួយនឹងសត្វសុខនចិញ្ចឹមរបស់ខ្លួន និងត្រូវបានហ៊ុមព័ទ្ធដោយក្រុមអ្នកគាំទ្រ នឹងត្រូវជាប់ពន្ធនាគារ ហូតដល់ថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២៥ មុនពេលលោក មានសិទ្ធិទទួលបានការដោះលែង។
នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Al Jazeera មុនពេលការកាត់ក្តីរបស់ខ្លួន បានចាប់ផ្តើម កាលពីឆ្នាំមុន លោក McBride បាននិយាយថា ខ្លួនមិនដែលលាក់បាំងនៃការចែករំលែកឯកសារនោះទេ។
លោក McBride បានសង្កត់ធ្ងន់ថា៖«អ្វីដែលខ្ញុំចង់ពិភាក្សា គឺថាតើខ្ញុំត្រឹមត្រូវ ឬអត់ ក្នុងការធ្វើដូច្នេះ?»។
ការកាត់ទោសរបស់អតីតមេធាវីកងទ័ពអូស្ត្រាលី កើតឡើងជិត ៧ឆ្នាំ បន្ទាប់ពីទូរទស្សន៍សាធារណៈអូស្ត្រាលី ABC បានបោះពុម្ពអត្ថបទចំនួន ៧ដែលត្រូវបានគេស្គាល់ថា ជាឯកសារអាហ្វហ្គានីស្ថាន ដោយផ្អែកលើព័ត៌មានដែលលោក McBride បានផ្តល់ឲ្យ។