
រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី (Wang Yi) បានប្រាប់សមភាគីកូរ៉េខាងត្បូងកាលពីថ្ងៃចន្ទនៅក្នុងកិច្ចប្រជុំដ៏កម្រមួយនៅទីក្រុងប៉េកាំងដែលបានធ្វើឡើងចំពេលមានភាពតានតឹងលើកោះតៃវ៉ាន់ និងបញ្ហាក្នុងតំបន់ផ្សេងទៀតថា ប្រទេសចិន និងកូរ៉េខាងត្បូង គួរតែស្វែងរកទំនាក់ទំនងស្ថិរភាព បើទោះបីជាមានការលំបាកនាពេលថ្មីៗនេះក៏ដោយ។
រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Cho Tae-yul បាននិយាយថា ប្រទេសទាំងពីរ ចាំបាច់ត្រូវរក្សាសន្ទុះលើកិច្ចសហប្រតិបត្តិការ និងគ្រប់គ្រងទំនាក់ទំនងយ៉ាងប្រុងប្រយ័ត្ន នៅក្នុងកិច្ចប្រជុំដែលក្រសួងរបស់លោក Cho បានបញ្ជាក់ថា មានរយៈពេល ៤ម៉ោង។
លោក Cho បានមកដល់ទីក្រុងប៉េកាំងកាលពីថ្ងៃចន្ទ ជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ប្រទេសចិន ចាប់តាំងពីចូលកាន់តំណែង ក្នុងខែមករា និងដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ទីក្រុងប៉េកាំងដោយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង ក្នុងរយៈពេលជាង ៦ឆ្នាំ។
ទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងទីក្រុងសេអ៊ូល បានស្ថិតក្រោមភាពតានតឹងថ្មី នៅពេលដែលប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បាននិយាយកាលពីឆ្នាំមុនថា ការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ កោះតៃវ៉ាន់ដែលប្រទេសចិនអះអាងថា ជាផ្នែកនៃទឹកដីរបស់ខ្លួន គឺជា «បញ្ហាសកល» មិនមែនគ្រាន់តែជាបញ្ហារវាងចិន និងកោះតៃវ៉ាន់នោះទេ។
លោក Yoon បានបន្ថែមថា កាលពីឆ្នាំមុន ភាពតានតឹងកើនឡើងនៅជុំវិញកោះតៃវ៉ាន់ គឺដោយសារតែការព្យាយាមផ្លាស់ប្តូរស្ថានភាពដោយបង្ខំ ហើយលោកបានប្រឆាំងនឹងការផ្លាស់ប្តូរបែបនេះ។ ប្រទេសចិន បានតវ៉ាដោយនិយាយថា ការអត្ថាធិប្បាយនេះ គឺ «ខុស»និង «មិនអាចទទួលយកបានទាំងស្រុង»។
បញ្ហាកោះតៃវ៉ាន់ បានកើតឡើងម្តងទៀតនៅក្នុងខែមីនា នៅពេលដែលកោះនេះ បានចូលរួមក្នុងកិច្ចប្រជុំកំពូលលទ្ធិប្រជាធិបតេយ្យដែលគាំទ្រដោយសហរដ្ឋអាមេរិក នៅទីក្រុងសេអ៊ូល។ ទីក្រុងប៉េកាំង បានចោទប្រកាន់ទីក្រុងសេអ៊ូល នៅពេលនោះថា បានផ្តល់វេទិកាមួយសម្រាប់«កងកម្លាំងឯករាជ្យតៃវ៉ាន់»។