
សមាជិកសភាហ្សកហ្ស៊ីបានឈានដល់ការប្រវាយប្រតប់គ្នា នៅក្នុងសភា នៅថ្ងៃអង្គារ (ទី១៤ ខែឧសភា) នេះ អំឡុងពេលជជែកដេញដោលនូវដំណាក់កាលទី៣ និងចុងក្រោយនៃសេចក្ដីស្នើច្បាប់ ស្តីពី «ភ្នាក់ងារបរទេស» ជាពង្រាងច្បាប់ដែលបានធ្វើឲ្យប្រទេសតំបន់ South Caucasus (កូកាស៊ីសខាងត្បូង) ធ្លាក់ចូលទៅក្នុងវិបត្តិនយោបាយដែលអូសបន្លាយ និងបង្កឲ្យមានការតវ៉ាយ៉ាងធំ។
ទូរទស្សន៍ហ្សកហ្ស៊ីបានចាក់ផ្សាយការប៉ះទង្គិចគ្នា រវាងសមាជិកសភារបស់គណបក្សកាន់អំណាច និងគណបក្សប្រឆាំង ដែលបានរុញគ្នាទៅវិញទៅមក និងបង្ហាញភាពខឹងសម្បា ក្នុងពេលជជែកដេញដោលលើច្បាប់នេះ ដែលអ្នករិះគន់រដ្ឋាភិបាល និងប្រទេសលោកខាងលិច បានរិះគន់ថា ជាអំណាចផ្តាច់ការ និងបំផុសគំនិតដោយរុស្ស៊ី។
ប្រសិនបើសេចក្ដីស្នើច្បាប់នេះទទួលបានការអនុម័ត នៅថ្ងៃអង្គារនេះ ប្រធានាធិបតីហ្សកហ្ស៊ី លោកស្រី Salome Zourabichvili បាននិយាយថា លោកស្រីនឹងវេតូ។ ប៉ុន្តែសភាដែលត្រូវបានគ្រប់គ្រងដោយគណបក្សកាន់អំណាចអាចបដិសេធការវេតូរបស់លោកស្រី ដោយបង្កើតបាននូវទិដ្ឋភាពតវ៉ាបន្ថែមទៀត នៅក្នុងវិបត្តិ ដែលអាចកំណត់បានថា តើហ្សកហ្ស៊ីស្ថិតនៅលើផ្លូវឆ្ពោះទៅរកការធ្វើសមាហរណកម្មជាមួយអឺរ៉ុប ឬងាកទៅរករុស្ស៊ី។
គួរបញ្ជាក់ថា សេចក្ដីស្នើច្បាប់នេះនឹងតម្រូវឲ្យអង្គការដែលទទួលបានច្រើនជាង ២០ភាគរយនៃមូលនិធិរបស់ពួកគេពីបរទេសឲ្យចុះឈ្មោះជាភ្នាក់ងារទទួលឥទ្ធិពលពីបរទេស ដោយដាក់ចេញនូវលក្ខខណ្ឌនៃការបង្ហាញ និងការពិន័យជាប្រាក់យ៉ាងធ្ងន់ធ្ងរ សម្រាប់ការរំលោភបំពានលើច្បាប់នេះ៕