អ្នកបង្កើតវីដេអូក្នុងកម្មវិធីវីដេអូកម្សាន្តខ្លី ទីកតុក (TikTok) មួយក្រុមបាននិយាយកាលពីថ្ងៃអង្គារ (១៤ ឧសភា) ថា ពួកគេបានដាក់ពាក្យប្តឹងទៅតុលាការសហព័ន្ធរបស់សហរដ្ឋអាមេរិក ដើម្បីស្វះស្វែងរកការទប់ស្កាត់ច្បាប់ដែលចុះហត្ថលេខាដោយលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) ដែលនឹងបង្ខំឱ្យលក់កម្មវិធីវីដេអូខ្លីនេះចោល ដែលប្រើប្រាស់ដោយជនជាតិអាមេរិកចំនួន ១៧០ លាននាក់ ឬបើមិនដូច្នោះទេនឹងត្រូវហាមឃាត់ ដោយនិយាយថា App (អេប) នេះមាន «ឥទ្ធិពលយ៉ាងស៊ីជម្រៅលើជីវិតជនជាតិអាមេរិកជាច្រើន»។

អ្នកប្រើប្រាស់ TikTok ដែលដាក់បណ្ដឹងទាំងនោះ រួមមានអតីតយុទ្ធជននៃកងម៉ារីន តិចសាស់ (Texas Marine Corps) ដែលលក់ផលិតផលកសិដ្ឋាន, ស្ត្រីនៅរដ្ឋ ថិនណេសស៊ី (Tennessee) លក់នំឃុកឃី និងពិភាក្សាអំពីការចិញ្ចឹមបីបាច់កូន, គ្រូបង្វឹកមហាវិទ្យាល័យ ណស ដេខូតា (North Dakota) ដែលបង្កើតវីដេអូអត្ថាធិប្បាយពីកីឡា, រួមទាំងមនុស្សជាច្រើនទៀតមកពីរដ្ឋផ្សេងៗគ្នានៃសហរដ្ឋអាមេរិក។

ក្រុមហ៊ុន ដេវីស រ៉ាយ ទ្រីម៉េន អែលអែលភី (Davis Wright Tremaine LLP) ដែលជាក្រុមហ៊ុនច្បាប់តំណាងឱ្យអ្នកប្ដឹងទាំងនោះ បានផ្តល់ច្បាប់ចម្លងនៃបណ្តឹងទៅសារព័ត៌មានរ៉យទ័រ ដែលខ្លួនបាននិយាយថា ត្រូវបានគេដាក់នៅក្នុងតុលាការឧទ្ធរណ៍សហរដ្ឋអាមេរិក តំបន់វ៉ាស៊ីនតោន។

អ្នកនាំពាក្យក្រសួងយុត្តិធម៌បាននិយាយថា ច្បាប់ TikTok នេះ «ដោះស្រាយកង្វល់សន្តិសុខជាតិដ៏សំខាន់ក្នុងលក្ខណៈមួយដែលស្របតាមវិសោធនកម្មទីមួយ និងការកំណត់រដ្ឋធម្មនុញ្ញផ្សេងទៀត ហើយយើងនឹងការពារច្បាប់នេះនៅក្នុងតុលាការ»។
បណ្តឹង ដែលស្វះស្វែងរកការដីកាបន្ធូរបន្ថយ និយាយថាច្បាប់នេះគំរាមកំហែងដល់ការបញ្ចេញមតិដោយសេរី និង «សន្យាថានឹងបិទមធ្យោបាយទំនាក់ទំនងមួយ ដែលបានក្លាយជាផ្នែកមួយនៃជីវិតរបស់ជនជាតិអាមេរិករាប់រយលាននាក់»៕