អ៊ីស្រាអែល បាននិយាយកាលពីថ្ងៃអង្គារថា វាអាស្រ័យទៅលើប្រទេសអេហ្ស៊ីប ក្នុងការបើកច្រកឆ្លងកាត់ទីក្រុង Rafah ឡើងវិញ និងអនុញ្ញាតឱ្យការដឹកជញ្ជូនជំនួយមនុស្សធម៌ ចូលទៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ដែលជំរុញឱ្យទីក្រុងគែរ(Cairo) បដិសេធនូវអ្វីដែលអ៊ីស្រាអែល បានពិពណ៌នាថាជាការប៉ុនប៉ងដើម្បីបង្វែរការដាក់កំហុសចំពោះការរាំងស្ទះនៃការដឹកជញ្ជូនជំនួយ។

ច្រកឆ្លងកាត់ទីក្រុង Rafah ស្ថិតនៅលើព្រំដែនរវាងប្រទេសអេហ្ស៊ីប និងតំបន់ហ្កាហ្សាភាគខាងត្បូង ហើយជាផ្លូវដ៏សំខាន់សម្រាប់ជំនួយចូលទៅកាន់ដែនដីឆ្នេរសមុទ្រ។ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Katz បាននិយាយថា គន្លឹះដើម្បីទប់ស្កាត់វិបត្តិមនុស្សធម៌នៅក្នុងតំបន់ហ្កាហ្សា បច្ចុប្បន្ននេះ គឺស្ថិតនៅក្នុងដៃរបស់មិត្តអេហ្ស៊ីបរបស់យើង។
លោក បាននិយាយជាមួយសមភាគីអង់គ្លេស និងអាល្លឺម៉ង់ អំពីតម្រូវការដើម្បីបញ្ចុះបញ្ចូលប្រទេសអេហ្ស៊ីបឲ្យបើកច្រកឆ្លងកាត់ទីក្រុងRafah ឡើងវិញ ហើយលោកក៏នឹងនិយាយរឿងនេះជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីតាលី ផងដែរ។ លោក Katz និយាយថា ក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន ដែលកំពុងគ្រប់គ្រងតំបន់ហ្កាហ្សា នឹងមិនគ្រប់គ្រងច្រកឆ្លងកាត់ទីក្រុង Rafah នោះទេ ដោយលើកឡើងពីការព្រួយបារម្ភផ្នែកសន្តិសុខដែលអ៊ីស្រាអែលនឹងមិនសម្របសម្រួល។

ការអត្ថាធិប្បាយនេះ បានធ្វើឲ្យមានការឆ្លើយតបភ្លាមៗពីក្រសួងការបរទេសអេហ្ស៊ីប ដែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ៊ីស្រាអែល ទទួលខុសត្រូវចំពោះវិបត្តិមនុស្សធម៌នៅតំបន់ហ្កាហ្សា ហើយប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅជុំវិញទីក្រុងRafah គឺជាហេតុផលចម្បង ដែលជំនួយត្រូវបានរារាំង មិនឱ្យចូលទៅក្នុងតំបន់ហ៊ុមព័ទ្ធនោះ។
ប្រទេសអេហ្ស៊ីប បាននិយាយជាប់ជានិច្ចថា ការឆ្លងកាត់នៅតែបើកចំហពីភាគីរបស់ខ្លួន ពេញមួយជម្លោះដែលបានចាប់ផ្តើមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា។ ទីក្រុងគែរ គឺជាអ្នកសម្របសម្រួល នៅក្នុងកិច្ចចរចាបទឈប់បាញ់ដែលជាប់គាំង ប៉ុន្តែទំនាក់ទំនងរបស់ខ្លួនជាមួយអ៊ីស្រាអែល បានធ្លាក់ចុះចាប់តាំងពីកងកម្លាំងអ៊ីស្រាអែលដណ្តើមយកច្រកឆ្លងកាត់ទីក្រុង Rafah កាលពីថ្ងៃទី៧ ខែឧសភា។
អង្គការសហប្រជាជាតិ និងទីភ្នាក់ងារជំនួយអន្តរជាតិផ្សេងទៀតបាននិយាយថា ការបិទច្រកឆ្លងកាត់ចំនួនពីរចូលទៅក្នុងតំបន់ហ្កាហ្សាភាគខាងត្បូង មានទីក្រុង Rafah និងទីក្រុង Kerem Shalom គ្រប់គ្រងដោយអ៊ីស្រាអែល បានកាត់ផ្តាច់តំបន់ហ៊ុមព័ទ្ធមួយនេះ ចេញពីជំនួយខាងក្រៅ។ អង្គការសហប្រជាជាតិ បានព្រមានរួចហើយមុនពេលការបិទច្រកឆ្លងកាត់ទាំងពីរថា តំបន់ហ្កាហ្សា ស្ថិតនៅលើមាត់ជ្រោះនៃគ្រោះទុរ្ភិក្ស។