ហ្វីលីពីន បានបញ្ជូននាវាឆ្មាំល្បាតឆ្នេរចំនួន ៣ គ្រឿង ដើម្បីធានាសុវត្ថិភាពនៃកងនាវាចរស៊ីវិលដែលធ្វើដំណើរទៅកាន់ដែនទឹកថ្មប៉ប្រះទឹកនៅសមុទ្រចិនខាងត្បូង ជាទីដែលទីក្រុងម៉ានីល និងទីក្រុងប៉េកាំង បានជាប់គាំងក្នុងការប្រឈមមុខដាក់គ្នាយ៉ាងក្តៅគគុកជុំវិញការទាមទារប្រកួតប្រជែង។

អ្នករៀបចំបាននិយាយថា បេសកកម្មរយៈពេលបីថ្ងៃដើម្បីផ្តល់ការផ្គត់ផ្គង់សម្រាប់អ្នកនេសាទដែលបានចតបោះយុថ្កានៅដែនទឹកជម្លោះ ស្កាបូរ៉ូ ស្ហូល (Scarborough Shoal) នេះ កំពុងត្រូវបានដឹកនាំដោយក្រុមមួយដែលមានឈ្មោះថា អាទីន អ៊ីតូ (Atin Ito) ឬហៅថា «នេះជារបស់យើង» រួមជាមួយនឹងនាវានេសាទពាណិជ្ជកម្មចំនួនប្រាំគ្រឿង។ ទូកនេសាទតូចៗប្រហែល ១០០ គ្រឿងក៏នឹងចូលរួមក្នុងផ្នែកដំបូងនៃការធ្វើដំណើរនេះផងដែរ។

អ្នកនាំពាក្យឆ្មាំល្បាតឆ្នេរហ្វីលីពីន (PCG) លោក ជេយ តារៀលឡា (Jay Tarriela) បានប្រាប់អ្នកយកព័ត៌មានថា ឆ្មាំល្បាតឆ្នេរមិនមែនជាផ្នែកនៃបេសកកម្មជនស៊ីវិល ដែលបានធ្វើដំណើរកាលពីថ្ងៃពុធនោះទេ ប៉ុន្តែវានឹងផ្តល់សុវត្ថិភាព និងសន្តិសុខសម្រាប់អ្នកស្ម័គ្រចិត្តស៊ីវិល។

បេសកកម្មមួយស្រដៀងគ្នានេះត្រូវបានដឹកនាំឡើងនៅក្នុងខែធ្នូ ដើម្បីផ្តល់ការផ្គត់ផ្គង់ដល់កងទ័ពដែលឈរជើងនៅដែនទឹក សេខិន ថូម៉ាស ស្ហូល ( Second Thomas Shoal) ប៉ុន្តែបង្អាក់ដំណើររបស់ខ្លួនវិញដោយសារតែអ្វីដែលខ្លួនបានពិពណ៌នាថាជាការឃ្លាំមើល និងការយាយីដោយនាវាឆ្មាំល្បាតឆ្នេរចិន។ ប្រទេសចិន បាននិយាយកាលពីថ្ងៃពុធថា ខ្លួនមានអធិបតេយ្យភាពដែលមិនអាចប្រកែកបានចំពោះដែនទឹកថ្មប៉ប្រះទឹកនេះ ដែលខ្លួនហៅថាកោះ ហ័ងយ៉ាន (Huangyan) និងដែនទឹកនៅជាប់នោះទាំងអស់៕