
ប្រធានសភាជាន់ទាបរបស់រុស្ស៊ី បានព្រមានថា អ៊ុយក្រែនកំពុងអូសសហរដ្ឋអាមេរិក និងអឺរ៉ុបឲ្យចូលទៅក្នុងសង្រ្គាមពិភពលោកដ៏ធំមួយ ហើយនៅថ្ងៃព្រហស្បតិ៍ (ទី១៦ ខែឧសភា) នេះ បានជំរុញឲ្យមេដឹកនាំលោកខាងលិចធ្វើសកម្មភាពប្រកបដោយការទទួលខុសត្រូវ ដើម្បីជៀសវាងគ្រោះមហន្តរាយ។
សង្រ្គាមរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅអ៊ុយក្រែន បានធ្វើឲ្យទំនាក់ទំនងរវាងរុស្ស៊ី និងលោកខាងលិចកាន់តែអាក្រក់ទៅៗ គិតចាប់តាំងពីវិបត្តិមីស៊ីលគុយបាឆ្នាំ១៩៦២។ រុស្ស៊ីឥឡូវនេះ កំពុងរុលទៅមុខតាមសមរភូមិជួរមុខ នៅអ៊ុយក្រែន។
ប្រធានសភា Duma ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក Putin និងជាសមាជិកក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី គឺលោក Vyacheslav Volodin បាននិយាយថា៖ «របបទីក្រុងគីវ កំពុងអូសទាញសហរដ្ឋអាមេរិក និងបណ្តាប្រទេសអឺរ៉ុបចូលទៅក្នុងសង្រ្គាមដ៏ធំមួយ»។
លោក Volodin បាននិយាយថា សមាជិកសភាអ៊ុយក្រែនកំពុងព្យាយាមបញ្ចុះបញ្ចូលសហរដ្ឋអាមេរិកអនុញ្ញាតឲ្យទីក្រុងគីវប្រើប្រាស់អាវុធដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក ដើម្បីវាយប្រហារចូលដែនដីរុស្ស៊ី។ លោក បានសង្កត់ធ្ងន់ថា៖ «ផ្លូវនេះនាំឲ្យមានសោកនាដកម្មដែលអាចប៉ះពាល់ដល់មនុស្សជាតិទាំងអស់មូល។ អ្នកនយោបាយលោកខាងលិចត្រូវដឹងពីការទទួលខុសត្រូវរបស់ពួកគេ ហើយត្រូវធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីចៀសវាងការនាំស្ថានការណ៍ទៅជាមហន្តរាយពិភពលោក»។
គួរបញ្ជាក់ថា នៅទីក្រុងគីវ កាលពីថ្ងៃពុធ (ទី១៥ ខែឧសភា) រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន «មិនបានលើកទឹកចិត្ត ឬបើកការវាយប្រហារ នៅខាងក្រៅដែនដីអ៊ុយក្រែននោះទេ ប៉ុន្តែនៅទីបំផុត អ៊ុយក្រែនត្រូវតែធ្វើការសម្រេចដោយខ្លួនថា តើខ្លួននឹងធ្វើយ៉ាងណាជាមួយសង្រ្គាមនេះ»៕