
មន្ត្រីជាន់ខ្ពស់ម្នាក់ពីការិយាល័យបម្រែបម្រួលអាកាសធាតុរបស់ប្រទេស កាលថ្ងៃពុធ (១៥ ឧសភា) បានប្រាប់សារព័ត៌មាន AFP ថា ប្រទេសថៃប្រហែលជាត្រូវពិចារណាប្តូរទីតាំងរាជធានីបាងកករបស់ខ្លួន ដោយសារតែកម្រិតទឹកសមុទ្រកាន់តែឡើងខ្ពស់។
ការព្យាករណ៍ជាបន្តបន្ទាប់ បង្ហាញថា ទីក្រុងបាងកកដែលមានរយៈកម្ពស់ទាប ប្រឈមនឹងហានិភ័យត្រូវជន់លិចដោយទឹកសមុទ្រ មុនដំណាច់សតវត្សរ៍នេះ។ តំបន់ភាគច្រើននៃរាជធានីដ៏អ៊ូអរនេះ បានជួបប្រទះនឹងទឹកជំនន់រួចហើយ ក្នុងរដូវវស្សា។
លោក Pavich Kesavawong អគ្គនាយករងនៃនាយកដ្ឋានបម្រែបម្រួលអាកាសធាតុ និងបរិស្ថានរបស់រដ្ឋាភិបាល បានព្រមានថា ទីក្រុងប្រហែលជាមិនអាចសម្របជាមួយពិភពលោក ដែលឡើងកម្ដៅជាលំដាប់ នាពេលបច្ចុប្បន្ននេះបានទេ។
ដោយសំដៅទៅលើការកើនឡើងនៃសីតុណ្ហភាពសកលពីកម្រិត មុនឧស្សាហកម្ម លោកបានប្រាប់សារព័ត៌មាន AFP ថា៖ «ខ្ញុំគិតថា យើងមានសីតុណ្ហភាពឡើងលើសពី ១,៥អង្សាសេ រួចហើយ។ ឥឡូវនេះ យើងត្រូវឆ្លើយតប និងគិតអំពីការសម្របខ្លួន។ ខ្ញុំស្រមៃថា ទីក្រុងបាងកកនឹងស្ថិតនៅក្រោមទឹករួចហើយ ប្រសិនបើយើងបន្តស្ថិតនៅក្នុងស្ថានភាពរបស់យើង (បច្ចុប្បន្ន) នេះ»។
លោកបាននិយាយទៀតថា រដ្ឋាភិបាលទីក្រុងបាងកក កំពុងរិះរកវិធានការ ដែលរួមមានការសាងសង់ទំនប់ទប់ទឹក ស្រដៀងទៅនឹងទំនប់ក្នុងប្រទេសហូឡង់។ ប៉ុន្តែដោយកត់សម្គាល់ថា ការពិភាក្សានៅតែជាសម្មតិកម្ម ហើយបញ្ហានេះមានភាពស្មុគស្មាញខ្លាំងនោះ លោក Pavich បានប្រាប់ថា៖ «យើងបានគិតអំពីការប្ដូរទីតាំង»។
លោកបញ្ជាក់បន្ថែមថា៖ «ដោយផ្ទាល់ខ្លួន ខ្ញុំគិតថា វាជាជម្រើសល្អ ដូច្នេះយើងអាចបែងចែករាជធានី ពោលគឺតំបន់រដ្ឋាភិបាល និងតំបន់អាជីវកម្ម។ ទីក្រុងបាងកក (នឹង) នៅតែជារាជធានីរបស់រដ្ឋាភិបាល ប៉ុន្តែប្តូរទីតាំងទីក្រុងអាជីវកម្ម»៕