
ក្រុមមន្ត្រី បាននិយាយថា មនុស្សយ៉ាងហោចណាស់១២នាក់បានស្លាប់ និងជាច្រើននាក់ផ្សេងទៀតបានរងរបួស កាលពីថ្ងៃព្រហស្បតិ៍ ដោយសាររន្ទះបាញ់នៅក្នុងរដ្ឋ West Bengal ភាគខាងកើត ប្រទេសឥណ្ឌា។
អ្នកស្លាប់ និងរងរបួស ក្នុងឧបទ្ទវហេតុរន្ទះបាញ់ ត្រូវបានរាយការណ៍នៅក្នុងស្រុក Malda មានចម្ងាយប្រហែល ៣២៧ គីឡូម៉ែត្រ ភាគខាងជើងទីក្រុង Kolkata រដ្ឋធានីនៃរដ្ឋ West Bengal ។
មន្ត្រី បាននិយាយថា ជនរងគ្រោះទាំងអស់ស្ថិតនៅខាងក្រៅលំនៅឋាន កំពុងធ្វើការក្នុងចម្ការ និងស្ថិតនៅទីវាល នៅពេលដែលរន្ទះបានបាញ់មកលើពួកគេ។
ជារៀងរាល់ឆ្នាំ នៅពេលចាប់ផ្តើមរដូវមូសុង មនុស្សរាប់រយនាក់តែងស្លាប់ ដោយសារតែរន្ទះបាញ់ នៅក្នុងប្រទេសឥណ្ឌា។