ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារចុះជួយខណ្ឌសែនសុខ រាជធានីភ្នំពេញ រួមជាមួយ ឯកឧត្តម ម៉ម ប៊ុនហេង តំណាងរាស្រ្តមណ្ឌលភ្នំពេញ និងលោក ម៉ូវ ម៉ានិតប្រធានគណៈកម្មាធិការគណបក្សខណ្ឌសែនសុខ បានដឹកនាំសមាជិកសមាជិកា ចូលរួមពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ នៅខណ្ឌសែនសុខ, នាព្រឹកថ្ងៃ ទី ១៧ ខែឧសភា ឆ្នាំ ២០២៤នេះ។
ក្នុងពិធីបើកយុទ្ធនាការនេះ មានការចូលរួមពីសមាជិក សមាជិកា ចូលរួម ហែក្បួន បើក យុទ្ធនាការ ឃោសនា បោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សា រាជធានី ខណ្ឌ អាណត្តិ ទី ៤ ឆ្នាំ ២០២៤ ខណ្ឌសែនសុខ សរុប ចំនួន ១,៦៦០នាក់ , រថយន្ត (កូរ៉េ និង Pick Up) ៦៥គ្រឿង, ម៉ូតូ កង់ បី សរុប ចំនួន ៣៣គ្រឿង និងម៉ូតូ សរុប ចំនួន ៥២៨គ្រឿង ។
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានសម្តែងនូវសេចក្តីសប្បាយរីករាយនិងថ្លែងអំណរគុណ ដល់សមាជិក សមាជិកាគណបក្សប្រជាជនទាំងអស់ដែលតែងតែជឿទុកចិត្ត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ ជាពិសេសការមកជួបជុំគ្នារបស់សមាជិក សមាជិកា ក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ខណ្ឌអាណតិ្តទី៤ នាឱកាសនេះគឺជាការបង្ហាញនូវសាមគ្គី ឯកភាព និងការគាំទ្រយ៉ាងមុតមាំចំពោះគណបក្សប្រជាជនកម្ពុជា។
សូមបញ្ជាក់ផងដែរថា តាមរយៈសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ អាណតិ្តទី៤ ឆ្នាំ២០២៤នេះ បានបញ្ជាក់ជូនបងប្អូនជនរួមជាតិជាទីគោរពស្នេហាយ៉ាងដូច្នេះថា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ត្រូវនឹងថ្ងៃអាទិត្យ ៤រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ខាងមុខនេះគឺជាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុកខណ្ឌ អាណត្តិទី៤ ដែលជាការបោះឆ្នោតមួយដ៏មានសារៈសំខាន់សម្រាប់ការបន្តជំរុញដំណើរការអភិវឌ្ឍសង្គមជាតិយើង ពិសេសការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ ទោះបីការបោះឆ្នោតនេះជាការបោះឆ្នោតអសកល។ ប៉ុន្តែគឺជាការបោះឆ្នោតដែលកើតចេញពីឆន្ទៈរបស់ប្រជាជនកម្ពុជាពិតប្រាកដ ព្រោះថាសមាជិក សមាជិកា នៃក្រុមប្រឹក្សាឃុំសង្កាត់ក្នុងតំណែង ដែលជាអ្នកបោះឆ្នោតផ្ទាល់ គឺជាអ្នកតំណាងដ៏ ឧត្តុង្គឧត្តមរបស់ប្រជាជនដែលបានប្រសូត្រចេញពីឆន្ទៈរបស់ប្រជាជន។គណបក្សប្រជាជនកម្ពុជា សូមប្រកាសជាឱឡារិកនូវការចូលរួមក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុកខណ្ឌ អាណត្តិទី៤នេះ ដោយគោរពអនុវត្តយ៉ាងខ្ជាប់ខ្ជួន តាមច្បាប់ បទបញ្ជានីតិវិធី និងក្រមសីលធម៌នៃការបោះឆ្នោត និងគោរពលទ្ធផលនៃការបោះឆ្នោត។ គណបក្សប្រជាជនកម្ពុជា ចូលរួមជាមួយបណ្តាគណបក្សនយោបាយ មជ្ឈដ្ឋានចម្រើនជឿនលឿននានាក្នុងសង្គម និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដើម្បីរក្សាបរិយាកាសនយោបាយសម្រាប់ការបោះឆ្នោត ឱ្យប្រព្រឹត្តទៅប្រកបដោយលក្ខណៈសេរី យុត្តិធម៌ មានសណ្តាប់ធ្នាប់ល្អ និងសុវត្ថិភាព៕
អត្ថបទ រដ្ឋា
























