
សមាជិកព្រឹទ្ធសភាចាំផ្ទះចំនួន ៤០នាក់ នៅថ្ងៃសុក្រ (ទី១៧ ខែឧសភា) នេះ បានដាក់ញត្តិទៅតុលាការធម្មនុញ្ញរបស់ប្រទេសថៃ ដើម្បីឲ្យដកតំណែងនាយករដ្ឋមន្ត្រីរបស់លោក Srettha Thavisin (សេដ្ឋា ថាវីស៊ីន) ជុំវិញការតែងតាំងគណៈរដ្ឋមន្ត្រីដែលពួកគេនិយាយថា បំពានរដ្ឋធម្មនុញ្ញ។
សមាជិកព្រឹទ្ធសភាបានជំទាស់នឹងការតែងតាំងឲ្យអតីតមេធាវី គឺលោក Pichit Chuenban ធ្វើជារដ្ឋមន្ត្រីនៅការិយាល័យរបស់លោក សេដ្ឋា កាលពីខែមុន អំឡុងពេលរុះរើគណៈរដ្ឋមន្ត្រី។
លោក Pichit ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ៦ខែ ក្នុងឆ្នាំ២០០៦ ពីបទមិនគោរពតុលាការបន្ទាប់ពីមានការចោទប្រកាន់ថា បានប៉ុនប៉ងសូកប៉ាន់មន្ត្រីតុលាការចំនួន ២លានបាត (៥៥.២១៨ដុល្លារ) ដោយលាក់លុយនៅក្នុងថង់គ្រឿងទេសមួយ។ អាជ្ញាប័ណ្ណច្បាប់របស់លោកត្រូវបានក្រុមប្រឹក្សាមេធាវីនៃប្រទេសថៃព្យួររយៈពេល ៥ឆ្នាំ បន្ទាប់ពីមានហេតុការណ៍នោះ។
សមាជិកព្រឹទ្ធសភាទាំងនោះ បានឲ្យដឹងថា ពួកគេកំពុងស្វែងរកសេចក្តីសម្រេចរបស់តុលាការថា តើលោក Pichit មានសុច្ចរិតភាព និងបទដ្ឋានសីលធម៌ដែលតម្រូវដោយរដ្ឋធម្មនុញ្ញ ដើម្បីកាន់តំណែងជារដ្ឋមន្ត្រី និងថា តើលោក សេដ្ឋា បានបំពានច្បាប់តាមរយៈការតែងតាំងនេះដែរ ឬទេ។
អ្នករិះគន់រដ្ឋាភិបាលនិយាយថា លោក Pichit ត្រូវបានតែងតាំងក្នុងគណៈរដ្ឋមន្ត្រី ដោយសារតែទំនាក់ទំនងជិតស្និទ្ធរបស់លោកជាមួយអតិថិជន គឺអតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ដែលបានវិលត្រឡប់មកប្រទេសថៃកាលពីឆ្នាំមុន បន្ទាប់ពីបាននិរទេសខ្លួនអស់រយៈពេល ១៥ឆ្នាំ។
អ្នកនាំពាក្យរដ្ឋាភិបាល លោក Chai Wacharonke បានច្រានចោលការចោទប្រកាន់របស់សមាជិកព្រឹទ្ធសភា ហើយបាននិយាយថា រដ្ឋាភិបាលបានពិនិត្យយ៉ាងប្រុងប្រយ័ត្ននូវគុណវុឌ្ឍិរបស់លោក Pichit៕