
ក្រចេះ៖ ឯកឧត្តម នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ និងក្រុមការងារគណៈកម្មាធិការបក្សខេត្ត នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ ដែលជាថ្ងៃទី២ បន្តចុះឃោសនា និងជួបអង្គបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជានៅតាមស្រុក នៃដំណើរការយុទ្ធនាការ ឃោសនាបោះឆ្នោតក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុងស្រុកខណ្ឌ ។
ក្នុងយុទ្ធនាការនេះ ឯកឧត្តមប្រធានក្រុមការងារ បានអំពាវនាវដល់អង្គបោះឆ្នោតទាំងអស់នៅក្នុងខេត្តក្រចេះ បោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីគណបក្សបន្តដឹកនាំក្រុមប្រឹក្សាខេត្ត ក្រុងស្រុកបន្តទៀត ចូលរួមថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍នៅក្នុងខេត្តក្រចេះ ដោយសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមថែរក្សាសុខសន្តិភាពរបស់ប្រទេស និងការអភិវឌ្ឍរដ្ឋបាលថ្នាក់ក្រោមជាតិ ។
ជាមួយគ្នានេះ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងអំណរគុណ ចំពោះអង្គបោះឆ្នោត ដែលជាសមាជិក សមាជិកាក្រុមប្រឹក្សាឃុំក្នុងតំណែង របស់គណបក្សប្រជាជនកម្ពុជា ក្នុងស្រុកអូរគ្រៀងសែនជ័យ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាអាណត្តិទី៥ កាលពីខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅ ដែលធ្វើឱ្យគណបក្សប្រជាជនកម្ពុជាបានឈ្នះការបោះឆ្នោត ហើយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ត្រូវបានព្រឹទ្ធសភាជាតិ បោះឆ្នោតផ្តល់សេចក្តីទុកចិត្តឱ្យ ធ្វើជាប្រធានព្រឹទ្ធសភា ។
លោក ឈា ផល្លី ប្រធានគណៈកម្មាធិការគណបក្ស ស្រុកអូរគ្រៀងសែនជ័យ ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ កាលពីឆ្នាំ២០២២ គណបក្សប្រជជនកម្ពុជាអូរគ្រៀងសែនជ័យ ទទួលបានអាសនៈ ២២ លើ២៥ ក្នុងនោះទទួលបានមុខតំណែងជាមេឃុំទាំង៥ ។ ចំណែកការបោះឆ្នោតក្រុមប្រឹក្សាស្រុកនាពេលកន្លងទៅ, គណបក្សប្រជាជនកម្ពុជាបានឈ្នះអាសនៈ ១៥លើ១៥ គ្រប់គ្រងនិងដឹកនាំក្រុមប្រឹក្សាស្រុកអូរគ្រៀងទាំងស្រុង ។
សូមបញ្ជាក់ថា ស្រុកអូរគ្រៀងសែនជ័យ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតឡើងនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ ដោយកាត់យកឃុំចំនួន៥ ពីស្រុកសំបូរគឺ ឃុំក្បាលដំរី ឃុំអូរគ្រៀង ឃុំអូរកណ្ដៀរសែនជ័យ ឃុំរលួសមានជ័យ និងឃុំស្រែជិះ និងមានចំនួនប្រជាជនជិត ៤ ម៉ឺននាក់រស់នៅ ។ តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ទីតាំងរដ្ឋបាល “ស្រុកអូរគ្រៀងសែនជ័យ” ត្រូវស្ថិតនៅក្នុងឃុំអូរគ្រៀង ។ ការបង្កើតស្រុកថ្មី “អូរគ្រៀងសែនជ័យ” បានធ្វើឱ្យខេត្តក្រចេះបច្ចុប្បន្ននេះមានក្រុងចំនួន១ និងស្រុកចំនួន៦ ៕ អត្ថបទ បាន សុខរិទ្ធិ





