
បន្ទាប់ពីការចាប់ខ្លួនក្រុមបាតុករនិស្សិតគាំទ្រប៉ាឡេស្ទីន ដែលចូលមកកាន់កាប់អគារសាកលវិទ្យាល័យ Columbia កាលពីខែមុន អភិបាលក្រុងញូវយ៉ក លោក Eric Adams និងមន្ត្រីនគរបាលជាន់ខ្ពស់ បាននិយាយម្តងហើយម្តងទៀតថា ពុំមានអ្នករងរបួស គ្មានការប៉ះទង្គិចគ្នាដោយហិង្សានោះទេ និងបានប្រើប្រាស់កម្លាំងតិចតួចប៉ុណ្ណោះ។
ប៉ុន្តែក្រុមអ្នកតវ៉ាយ៉ាងហោចណាស់៩នាក់ក្នុងចំណោមអ្នកតវ៉ាចំនួន៤៦នាក់ ត្រូវបានចាប់ខ្លួននៅខាងក្នុងសាល Hamilton Hall ដែលបានរងរបួសស្រាលដោយមានស្នាមដាច់រលាត់ និងស្នាមជាំបន្តិចបន្តួច។
អ្នកតវ៉ាទាំង៤៦នាក់ ដែលត្រូវបានចាប់ខ្លួននៅខាងក្នុងសាល Hamilton ត្រូវបានចោទប្រកាន់ពីបទបំពានកម្រិតទីបី ដែលជាបទល្មើសមជ្ឈិម។ ការចាប់ខ្លួននេះ បានធ្វើឡើងបន្ទាប់ពីប្រធានសាកលវិទ្យាល័យ Columbia លោក Minouche Shafik ធ្វើការសម្រេចចិត្តដ៏ក្តៅគគុក ដោយបានហៅនគរបាល ចូលទៅក្នុងសាកលវិទ្យាដែលត្រូវបានដណ្តើមកាន់កាប់នៅចំណុចកណ្តាលនៃចលនាតវ៉ារបស់និស្សិត ដែលបានរាលដាលដល់សាកលវិទ្យាល័យនានានៅជុំវិញពិភពលោក។
មន្ត្រីសាកលវិទ្យាល័យផ្សេងៗទៀតនៅទូទាំងប្រទេស ក៏បានហៅនគរបាលឲ្យទៅបង្ក្រាបជំរំតវ៉ាគាំទ្រប៉ាឡេស្ទីន និងប្រឆាំងអ៊ីស្រាអែល។
ក្រុមអ្នកតវ៉ា ដែលបានទាមទារឱ្យសាកលវិទ្យា Columbia ដកខ្លួនចេញពីក្រុមហ៊ុនផលិតអាវុធ និងក្រុមហ៊ុនផ្សេងទៀតគាំទ្ររដ្ឋាភិបាលអ៊ីស្រាអែល បានរងរបួសដែលត្រូវបានចងក្រងជាឯកសារដោយគ្រូពេទ្យស្ម័គ្រចិត្ត ជាអ្នកផ្តល់ការគាំទ្រដល់អ្នកដែលនគបាលចាប់ខ្លួន ហើយបានជួបពួកគេនៅខាងក្រៅ បន្ទាប់ពីការដោះលែងពីមណ្ឌលឃុំឃាំង កាលពីថ្ងៃទី២ ខែឧសភា ដោយមួយចំនួន បានស្វែងរកការព្យាបាលនៅគ្លីនិក។