
អ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ (១៩ ឧសភា) បានអំពាវនាវឱ្យមានការគាំទ្រទ្វេបក្សពីសហរដ្ឋអាមេរិក ប្រឆាំងនឹងការបង្កើតរដ្ឋប៉ាឡេស្ទីន ដែលខ្លួនបាននិយាយថា នឹងក្លាយជារង្វាន់សម្រាប់ក្រុមហាម៉ាស និងអ៊ីរ៉ង់ ដែលគាំទ្រក្រុមនេះ។
សមាជិកសហភាពអឺរ៉ុប រួមមាន អៀរឡង់ អេស្ប៉ាញ ស្លូវេនី និងម៉ាល់តា បាននិយាយថា ពួកគេអាចនឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីនក្នុងខែនេះ ដោយមើលឃើញថា ដំណោះស្រាយរដ្ឋពីរគឺចាំបាច់សម្រាប់សន្តិភាពយូរអង្វែង។
រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក អ៊ីស្រាអែល ខាត់ស៍ (Israel Katz) ដែលបានជួបជាមួយសមាជិកសភាជាន់ខ្ពស់ខាងគណបក្សសាធារណរដ្ឋ លោកស្រី អេលីស ស្ទេហ្វានីក (Elise Stefanik) បាននិយាយថា ប្រសិនបើរដ្ឋប៉ាឡេស្ទីនត្រូវបានបង្កើតឡើង អ៊ីរ៉ង់នឹងប្រើប្រាស់វាជាមូលដ្ឋានដើម្បី «ធ្វើការឆ្ពោះទៅរកការបំផ្លាញអ៊ីស្រាអែល»។
លោកបានប្រាប់លោកស្រី ស្ទេហ្វានីក ថា សហរដ្ឋអាមេរិក ត្រូវតែដឹកនាំសេចក្ដីសម្រេចមួយនៅក្រុមប្រឹក្សារបស់ទីភ្នាក់ងារថាមពលអន្តរជាតិនៅខែក្រោយ ក្នុងការជំរុញការដាក់ទណ្ឌកម្មបន្ថែមទៀតប្រឆាំងនឹងអ៊ីរ៉ង់ ដើម្បីបញ្ឈប់ប្រទេសនេះមិនឱ្យទទួលបានអាវុធនុយក្លេអ៊ែរ និងគាំទ្រក្រុមសកម្មប្រយុទ្ធដូចជាក្រុមហាម៉ាស៕