ភ្នំពេញ៖ យុវជនស្ម័គ្រចិត្តដើម្បីភាពស្អាត (យ.ស.ស.) នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ បានជួបសំណេះសំណាលសម្ដែងការគួរសមនិងសុំការគាំទ្រសកម្មភាពពី លោក គាត រង្សីប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញ។ នៅក្នុងជំនួបនេះ លោក ម៉ោញ មន្ទីររដ្ឋា តំណាងក្រុមយុវជនស្ម័គ្រចិត្តដើម្បីភាពស្អាត បានរៀបរាប់ឲ្យដឹងថា ក្រុមការងារយុវជនស្ម័គ្រចិត្តដើម្បីភាពស្អាត បានបង្កើតឡើងនៅថ្ងៃទី14 ខែកុម្ភៈឆ្នាំ 2024 មានសមាជិកសរុបចំនួន 34 នាក់ស្រី 9 នាក់ ដែលមានក្រុមដឹកនាំដោយលោក ម៉ៅ សុខជា , ពូប្លាស្ទិក សមាជិកគឺជាអ្នកស្ម័គ្រចិត្តមកពីគ្រប់មជ្ឈដ្ឋាននានា ដែលមានមេក្រុមដឹកនាំតាមផ្នែកនីមួយៗផងដែរ ។ ក្នុងគោលបំណងចូលរួមចំណែកធ្វើសកម្មភាពប្រមូលសម្អាតសំរាមដែលនៅសេសសល់តាមទីសាធារណៈនានា ដើម្បីភាពស្អាតរបស់រាជធានីភ្នំពេញ ក៏ដូចជាកម្ពុជាយើងទាំងមូល។ ហើយក្នុងថ្ងៃនេះដែរ ក្រុមការងារយុវជនស្នើសុំកិច្ចសហការគាំទ្រ និងការផ្ដល់អនុសាសន៍ពីមន្ទីរបរិស្ថានរាជធានីភ្នំពេញ ដើម្បីរួមចំណែកក្នុងការធ្វើសកម្មភាពឲ្យកាន់តែប្រសើរបន្ថែមទៀត។
នៅក្នុងឱកាសនោះដែរ ឆ្លើយតបទៅនឹងលោក ម៉ោញ មន្ទីររដ្ឋា និងប្រធានក្រុមនីមួយៗ លោក គាត រង្សីប្រធានមន្ទីរបរិស្ថាន បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះក្រុមការងារយុវជនស្ម័គ្រចិត្តដើម្បីភាពស្អាត លោកបានលើកឡើងថាដើម្បីរាជធានីភ្នំពេញ ក៏ដូចជាប្រទេសកម្ពុជាយើងទាំងមូលមានភាពស្រស់ស្អាត គឺចាំបាច់ណាស់ត្រូវមានការចូលរួមពីប្រជាពលរដ្ឋគ្រប់រូប ហើយក្នុងថ្ងៃនេះលោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកតំណាង យុវជនស្ម័គ្រចិត្តដើម្បីភាពស្អាត ទាំងអស់គ្នា ។ លោកបានលើកឡើងទៀតថា ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សព្វថ្ងៃនេះលោកបានយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើវិស័យបរិស្ថាន ពិសេសគឺការទុកដាក់ និងបញ្ចេញសំរាមឲ្យបានត្រឹមត្រូវដោយប្រជាពលរដ្ឋទូទាំងរាជធានីភ្នំពេញ។
រហូតមកដល់ថ្ងៃនេះក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធនាការធំៗជាច្រើន តែសកម្មភាពរបស់យុវជនយើងបានគាំទ្រលើយុទ្ធនាការ ចំនួន០២គឺ
«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទីកទេ» និង «កម្ពុជាស្អាត ខ្មែរធ្វើបាន»។
ទន្ទឹមនឹងនេះ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ក្រោមប្រធានបទ <<ពន្លកបៃតង>> នឹងប្រព្រឹត្តិទៅ នៅខាងមុខអាគារទីស្ដីការក្រសួងបរិស្ថាន ដោយមានការដាក់តាំងបង្ហាញនូវដេីមឈេីជាច្រើនប្រភេទ នៅតាមស្ដង់នីមួយៗ របស់មន្ទីរបរិស្ថាន អង្គការក្រៅរដ្ឋាភិបាលលេីវិស័យ ដែលនឹងចាប់ផ្ដេីមពី ថ្ងៃទី ១០ ខែកក្ដដា ដល់ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២៤ខាងមុខនេះ។ ក្នុងព្រឹត្តិការណ៍នោះ ក្រសួងបរិស្ថាន រួមទាំងមន្ទីរបរិស្ថានទូទាំងប្រទេស នឹងចែកដេីមឈេី ម្រមាណជា ១,៥ លានដេីម ដេីម្បីប្រជាសហគមន៍ ដាំលេីផ្ទៃដីសឹករិចរិល នៅតាមផ្លូវសាធារណៈ សាលារៀន វត្តអារាម និងតាមតំបន់ផ្សេងៗទៀតផងដែរ។
បន្ទាប់ពីកិច្ចពិភាក្សាជាមួយក្រុមយុវជនស្ម័គ្រចិត្តរួច មន្ទីរបរិស្ថានរាជធានីភ្នំពេញបានឯកភាពគ្នាដូចខាងក្រោម÷
១.គ្រប់ពេលធ្វើសកម្មភាពដោយការស្ម័គ្រចិត្ត ក្រុមយុវជននឹងផ្ដល់ដំណឹងជូនមន្ទីរបរិស្ថានដើម្បីជួយសម្របសម្រួលនឹងសហការគាំទ្រ
២.មន្ទីរបរិស្ថានរាជធានីភ្នំពេញ ផ្ដល់ជូនបដាពាក្យស្លោកដើម្បីអនុវត្តយុទ្ធនា <<ការថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទីកទេ >> និង <<កម្ពុជាស្អាត ខ្មែរធ្វើបាន>> រួមទាំងសម្ភារៈ អាវយឺតដល់ក្រុមការងារយុវជនគ្រប់រូប សម្រាប់ធ្វើសកម្មភាពប្រមូល និងសម្អាតសំរាមដែលនៅសេសសល់តាមទីសាធារណៈណាមួយ
៣. មន្ទីរនឹងបង្កើតក្រុមតេឡេក្រាមជាមួយក្រុមយុវជនស្ម័គ្រចិត្តដើម្បីភាពស្អាត ដើម្បីងាយស្រួលធ្វើការសម្របសម្រួលនិងកិច្ចសហការធ្វើសកម្មភាពរួមគ្នា។ ជំនួបបានបញ្ចប់ប្រកបដោយភាពរីករាយស្និទ្ធស្នាលនិងមានការថតរូបអនុស្សាវរីយ៍រួមគ្នា៕ អត្ថបទ៖ទូច សោភ័ណ






