ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី២ នៃខែឧសភា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត, ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានរំលឹកថ្នាក់ដឹកនាំ និងទីប្រឹក្សាទាំងអស់ អោយបន្តជំរុញមន្ត្រីក្រោមឱវាទ រួមទាំងគ្រប់កម្រឹតដឹកនាំលើកជាយោបល់ និងផ្តល់ពត៌មានត្រលប់អោយបានផុលផុស ដើម្បីជាធាតុចូលសម្រាប់កិច្ចការកែលម្អរ និងវឌ្ឍនភាពក្នុងភារកិច្ចរបស់ខ្លួន រួមទាំងការវិភាគមុខងារ សម្រាប់ជាទស្សនវិស័យជូនស្ថាប័ន បង្កើនប្រសិទ្ធភាពការងារបន្ថែមទៀត។ ក្នុងនោះឯកឧត្តមរដ្ឋមន្រ្តី ក៏បានជំរុញលើកទឹកចិត្តបន្ថែមដល់ថ្នាក់ដឹកនាំ ជាពិសេសមន្រ្តីជំនាញ សូមធ្វើការស្រាវជ្រាវ ស្វែងយល់ឱ្យបានច្រើន និងប្រជុំពិភាក្សាគ្នាជាប់ជាប្រចាំ ដើម្បីបង្កើនចំណេះដឹង ការស្វែងយល់ និងរកដំណោះស្រាយ ដើម្បីជាទុនគន្លឹះ ក្នុងការវិវត្តន៍ខ្លួនឱ្យក្លាយជាធនធានដ៏ល្អសម្រាប់ស្ថាប័ន និងប្រទេសជាតិ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍មួយចំនួន ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឱវាទ ដើម្បីបន្តអនុវត្តសកម្មភាពបម្រើការផ្តល់សេវាសុខាភិបាលដល់ប្រជាពលរដ្ឋ ប្រកបដោយគុណភាព និងប្រសិទ្ធភាពផងដែរ។ ក្នុងនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ណែនាំត្រូវពិនិត្យឱ្យបានច្បាស់លាស់ ជាប់ជាប្រចាំលើវិស័យឯកជន ដោយត្រូវចុះពិនិត្យឱ្យបានម៉ត់ចត់ទាំងការផ្តល់សេវាថែទាំ ការលក់ឱសថ និងការចេញវេជ្ជបញ្ជា ការបញ្ជូនជំងឺ កម្រិតសញ្ញាបត្រ លក្ខខណ្ឌនៃការបំពេញការងារ និងពិនិត្យការផ្តល់អាជ្ញាប័ណ្ណ និងបន្តសុពលភាពអាជ្ញាប័ណ្ណ ដោយត្រូវអនុវត្តស្របតាមច្បាប់ដែលបានកំណត់។ ចំពោះការចុះពង្រឹងតាមមណ្ឌលសុខភាពក្នុងក្របខណ្ឌទូទាំងប្រទេស សូមចុះពិនិត្យឱ្យបានទៀងទាត់ និងគ្រប់មូលដ្ឋានសុខាភិបាលសាធារណៈ ដោយត្រូវពិនិត្យ តាមដាន និងផ្ទៀងផ្ទាត់លទ្ធផលនៃការចុះពិនិត្យពីមុន និងបច្ចុប្បន្ន។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានស្នើឱ្យថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកសុខាភិបាលទាំងអស់ ត្រូវសហការគ្នា ចូលរួមលើកតម្លៃស្ថាប័ន តាមរយៈការពង្រឹង និងរៀបចំជាសកម្មភាពដោយភាពបុរេសកម្ម ការតាមដាន អភិបាលកិច្ច និងការកែលម្អដើម្បីបង្កើនប្រសិទ្ធភាពស្ថាប័ន។
ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ស្នើឱ្យនាយកដ្ឋាន រហូតដល់អគ្គនាយកដ្ឋាន និងថ្នាក់ដឹកនាំ សូមចូលរួមអនុវត្តនូវភារកិច្ចរៀងខ្លួនៗ ប្រកបដោយស្មារតីទទួលខុស សាមគ្គីភាព និងកែលម្អគ្នាដោយបង្កើតឱកាសក្នុងការនិយាយពិភាក្សាគ្នាឱ្យបានច្រើន ដើម្បីស្ថាប័នមានការរីកចម្រើន។
សូមបញ្ជាក់ផងដែរកិច្ចប្រជុំនេះរៀបចំឡើងតាមរយៈប្រព័ន្ធហាយប្រីដ៍ (Hybrid) និងមានការអញ្ជើញចូលរួមផ្ទាល់នៅទីស្តីការក្រសួងសុខាភិបាល ដោយឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក អគ្គនាយករង អគ្គាធិការ អគ្គាធិការរង ប្រធាននាយកដ្ឋាន នៃក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំជាទីប្រឹក្សាបណ្តាខេត្ត តាមប្រព័ន្ធអនឡាញ៕
អត្ថបទ៖ រដ្ឋា

















