
ក្រសួងការបរទេសចិន នៅថ្ងៃចន្ទ (ទី២០ ឧសភា) នេះ បានបដិសេធការចោទប្រកាន់របស់ហ្វីលីពីន ដែលថា ខ្លួនកំពុងបំផ្លាញបរិស្ថានសមុទ្រ ជុំវិញតំបន់ថ្មប៉ប្រះទឹក Scarborough Shoal។
សូមបញ្ជាក់ថា ភាពតានតឹងដែនសមុទ្រ បាន និងកំពុងកើនឡើង នៅក្នុងសមុទ្រចិនខាងត្បូង រវាងទីក្រុងម៉ានីល និងទីក្រុងប៉េកាំង ខណៈដែលហ្វីលីពីនបានចោទប្រកាន់ប្រទេសចិនថា បានប្រើប្រាស់កាណុងបាញ់ទឹក និងរារាំងការធ្វើដំណើរឆ្លងកាត់តំបន់ថ្មប៉ប្រះទឹកដែលមានជម្លោះ។
កាលពីសប្តាហ៍មុន ឆ្មាំល្បាតសមុទ្ររបស់ប្រទេសចិន បានចេញផ្សាយច្បាប់ ដើម្បីឲ្យមានការអនុវត្តច្បាប់ឆ្នាំ២០២១ ដែលអនុញ្ញាតឲ្យអាជ្ញាធរបណ្ដេញនាវាបរទេស នៅពេលដែលអធិបតេយ្យភាព និងសិទ្ធិអធិបតេយ្យរបស់ខ្លួន ត្រូវបានរំលោភបំពាន។
អ្នកនាំពាក្យក្រសួង លោក Wang Wenbin បាននិយាយថា៖ «ប្រសិនបើមិនមានទង្វើខុសច្បាប់ដោយបុគ្គល និងស្ថាប័នពាក់ព័ន្ធទេនោះ មិនចាំបាច់ព្រួយបារម្ភអ្វីឡើយ»៕